(ភ្នំពេញ)៖ ក្នុងតួនាទីជាស្ថាប័នឃ្លាំមើលការអនុវត្តច្បាប់ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានប្តឹងឧទ្ធរណ៍នឹងការសម្រេចព្យួរទោស ជនជាប់ចោទ ជា នុសិទ្ធ ភេទប្រុស មានតួនាទីជាឧត្តមសេនីយ៍ទោ (ផ្កាយពីរ) នៃក្រសួងការពារជាតិ ព្រមទាំងជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំរដ្ឋសភាមួយរូបផង ពាក់ព័ន្ធនឹងសំណុំរឿងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួន ០៣ (បី) លើក សរុបជាទឹកប្រាក់ជាងមួយលានដុល្លារអាមេរិក ដោយហេតុថា អគ្គព្រះរាជអាជ្ញាបានពិនិត្យឃើញអំពីអំពើរបស់ជនជាប់ចោទ ដែលបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបង្កឲ្យមានព្យសនកម្ម (ការខូចខាត) ជាច្រើនដល់ជនរងគ្រោះ។
យោងតាមដីកាបញ្ជូនរបស់សាលាឧទ្ធរណ៍ ផ្ញើជូនប្រធានសាលាដំបូងរាជធានីភ្នំពេញបានបង្ហាញឲ្យដឹងថា អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានប្តឹងឧទ្ធរណ៍នឹងសាលក្រម ព្រហ្មទណ្ឌលេខ ៤៩១២ “ឆ១” ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានលោកចៅក្រម ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ ត្រង់ចំនុចដាក់ពន្ធនាគារជនជាប់ចោទ ជា នុសិទ្ធ ចំនួន១៨ខែ តែព្យួរទោសធម្មតា ដោយស្នើសុំឲ្យសភាព្រហ្មទណ្ឌ សាលាឧទ្ធរណ៍ភ្នំពេញ សម្រេចផ្តន្ទាទោសជនជាប់ចោទ ជា នុសិទ្ធិ ចំនួន១៨ខែ ដាក់ពន្ធនាគារដោយមិនព្យួរទោស ដើម្បីឲ្យសាកសមនឹងទង្វើដែលជនជាប់ចោទ ជា នុសិទ្ធ បានប្រព្រឹត្តដោយមានគំនិតទុច្ចរិត និងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។
ជនជាប់ចោទឈ្មោះ ជា នុសិទ្ធ អាងខ្លួនជាមន្រ្តីយោធាជាន់ខ្ពស់ ព្រមទាំងមានឋានៈជាទីប្រឹក្សាថ្នាក់ដឹកនាំរដ្ឋសភាផងនោះ បានប្រើអំណាចនិងឥទ្ធិពលរបស់ខ្លួនប្រព្រឹត្តបទល្មើស ដោយមិនខ្លាចច្បាប់ ដោយបានចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ដល់ទៅ ៣ លើក សរុបទឹកប្រាក់ជាងមួយលានដុល្លារអាមេរិក ឲ្យជនរងគ្រោះដែលជាអ្នកវិនិយោគ ស្របច្បាប់ និងសុចរិត។ ទង្វើរបស់ជនជាប់ចោទ ជា នុសិទ្ធ ខាងលើនេះមិនត្រឹមតែជាបទល្មើសដែលមានចែងក្នុងច្បាប់នោះទេ ប៉ុន្តែវាបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការ អាជីវកម្មរបស់ជនរងគ្រោះ ដែលបានបោះទុនវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានបង្កើត និងផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់។
ជាមួយគ្នានេះ មហាជនក៏សូមស្នើដល់ក្រសួងការពារជាតិ រួមទាំងស្ថាប័នរដ្ឋសភា មេត្តាពិនិត្យមើលករណីរបស់ជនជាប់ចោទ ជា នុសិទ្ធ ខាងលើនេះ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដើម្បីជៀសវាងកុំឲ្យសកម្មភាពល្មើសច្បាប់របស់បុគ្គលនេះប៉ះពាល់ដល់កិត្តិយសដ៏ល្អរបស់ស្ថាប័នទាំងពីរ បញ្ឈប់កុំឲ្យបុគ្គល ជា នុសិទ្ធ យកតួនាទី និងឋានៈរបស់ខ្លួនដើរប្រព្រឹត្តបទល្មើសតទៅទៀត។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមព្រហ្មទណ្ឌលេខ ៤៩១២ “ឆ១” ដោយសម្រេចផ្តន្ទាទោសឈ្មោះ ជា នុសិទ្ធ តួនាទីជាឧត្តមសេនីយ៍ទោ (ផ្កាយពីរ) នៃក្រសួងការពារជាតិ និងជាទីប្រឹក្សាថ្នាក់ដឹកនាំរដ្ឋសភាមួយរូប ដាក់ពន្ធនាគារកំណត់ចំនួន ១៨ ខែ (តែទោសនេះត្រូវព្យួរធម្មតា) និងពិន័យជាប្រាក់ ៣.០០០.០០០ (បីលាន) រៀល ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅចំនុចរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។ ជាមួយគ្នានេះ ចៅក្រមជំនុំជម្រះក៏បានបង្គាប់ឲ្យជនជាប់ចោទ សងប្រាក់ចំនួន ៤០.០០០ (បួនម៉ឺន) ដុល្លារអាមេរិក ដល់ដើមបណ្តឹងរដ្ឋប្បវេណីផងដែរ៕