(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកានេះ បានចេញសេចក្ដីណែនាំ ដោយធ្វើការក្រើនរំលឹកសាជាថ្មី ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួងចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា សូមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួង មេត្តាចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ខ្លួន ដូចខាងក្រោម៖
១៖ ត្រូវលាងដៃជាប់ជាប្រចាំ ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងគោរពគោលការណ៍ណែនាំ ស្ដីពីគម្លាតសុវត្ថិភាព របស់ក្រសួងសុខាភិបាល។
២៖ គ្រប់មន្ត្រីរត់ឯកសារ មន្ត្រីរដ្ឋបាលប្រគល់-ទទួលឯកសារ ឬមន្ត្រីចរាចរណ៍ឯកសារដែលមាន ទាក់ទងជាមួយអង្គភាពខាងក្រៅ ត្រូវពាក់ម៉ាស់ឱ្យបានជាប់ជាប្រចាំក្នុងពេលចេញ-ចូល ទីស្ដីការក្រសួង និងបើអាចពាក់ស្រោមដៃការពារ ហើយត្រូវលាងដៃដោយសាប៊ូ ឬទឹកអាល់កុលមុន និងក្រោយកាន់ ឯកសារ។
៣៖ ត្រូវជូតសម្អាត និងទឹកអាល់កុល ឬសាប៊ូសម្លាប់មេរោគ នូវបរិក្ខារនិងឧបករណ៍អេឡិចត្រូនិច ដែលប្រើប្រាស់រួមគ្នាជាប្រចាំ កន្លែងសាធារណៈដែលមានការប៉ះពាល់ច្រើន ដូចជាជណ្ដើរយន្ត បង្កាន់ដៃ ជណ្ដើរ បន្ទប់ទឹក បន្ទប់ប្រជុំ បរិក្ខារប្រើប្រាស់ក្នុងការិយាល័យ តុ កៅអី...។
៤៖ មន្ត្រីរាជការគ្រប់រូបត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ករណីមានការសង្ស័យត្រូវស្វែង រកការព្យាបាលឱ្យបានឆាប់រហ័ស ឬទំនាក់ទំនងទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាលលេខ ១១៥ ជាបន្ទាន់ និងជូនដំណឹងមកអង្គភាព ដើម្បីសុំការអនុញ្ញាតច្បាប់ឈប់សម្រាក ទៅតាមករណីជាក់ស្តែង៕