(ភ្នំពេញ)៖ ការងារសំខាន់ៗចំនួន៤ចំណុច ត្រូវបានលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានស្នើសុំកិច្ចសហការបន្ថែម ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួមមាន៖ ការពង្រឹងគុណភាពប្រព័ន្ធអ៊ីនធើណេត, ប្រព័ន្ធបណ្តាញមេខ្សែឌីជីថលអុបទិក, ហេដ្ឋារចនាសម្ព័ន្ធច្រកចេញ-ចូលប្រព័ន្ធទូទាត់សងប្រាក់ថ្នាក់ជាតិ និងការគ្រប់គ្រងរៀបចំប្រព័ន្ធថ្នាក់ជាតិមួយ ដើម្បីការពារពីការវាយលុកពីពួក Hacker ដែលទាំងអស់នេះ គឺជាជន្ទល់ជាឆ្លឹងខ្នងនៃប្រសិទ្ធភាព និងគុណភាព នៃសមិទ្ធិផលនៃការធ្វើ ទំនើបកម្មបច្ចេកវិទ្យាព័ត៌មានទាំងឡាយ ដែលបានអភិវឌ្ឍន៍ និងរៀបចំឡើង។
លោក គង់ វិបុល ស្នើដូចនេះធ្វើឡើងរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងឱកាសទទួលដំណើរទស្សនកិច្ច ស្វែងយល់របស់គណៈប្រតិភូនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពីសមិទ្ធផលនៃកំណែទម្រង់វិស័យពន្ធដារ និងទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលដឹកនាំដោយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កម្មវិធីនេះមានគោលដៅក្នុងការសិក្សាស្វែងយល់ អំពីវឌ្ឍនភាពកំណែទម្រង់វិស័យពន្ធដារ និងទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងចែករំលែក បទពិសោធន៍ និងការអនុវត្តន៍ល្អ ពង្រឹងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរក្នុងគោលដៅជំរុញឱ្យព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវប្រព័ន្ធសេដ្ឋកិច្ចឌីជីថលដែលរឹងមាំ, ប្រព័ន្ធសន្តិសុខបច្ចេកវិទ្យា (Cyber Security), និងការកសាងហេដ្ឋារចនារចនាសម្ព័ន្ធបច្ចេកវិទ្យា។
លោក គង់ វិបុល បានបញ្ជាក់ទៀតថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ និងទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមាន «អភិបាលកិច្ចល្អ» ជាស្នូលយុទ្ធសាស្រ្ត និងដោយអនុវត្តស្របតាមកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈព្រមទាំងយុទ្ធសាស្ត្រ កៀរគរចំណូល រយៈពេលមធ្យមដែលបាន ដាក់ចេញ២ដំណាក់កាលកន្លងមក ដោយបានប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រស្នូល ដោយផ្ដោតជាសំខាន់លើ រដ្ឋបាលកិច្ចល្អ, ប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ និងគុណាបធិបតេយ្យ។
សម្រាប់យុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ ដែលទើបបានបញ្ចប់ គឺបានពង្រឹងយ៉ាងខ្ជាប់ខ្ជួននូវមុខងារសំខាន់ៗ២មានទី១៖ មុខងារស្នូល ក្នុងនោះ ការចុះបញ្ជីអ្នកជាប់ពន្ធ, ការផ្តល់សេវាអ្នកជាប់ពន្ធ, ការចាត់ចែងលិខិតប្រកាស, ការធ្វើសវនកម្ម ការប្រមូលបំណុលពន្ធនិងបណ្តឹងតវ៉ា និងទី២៖ មុខងារគាំទ្រ ក្នុងនោះ ការពង្រឹង ការគ្រប់គ្រងនិងរចនាសម្ព័ន្ធ ការគ្រប់គ្រងធនធានមនុស្ស និងបច្ចេកវិទ្យាព័ត៌មាន។
លោកបានបន្ថែមថា ជាផែនការដែលបានដាក់ចេញសម្រាប់អនុវត្តបន្ត អគ្គនាយកដ្ឋានពន្ធដារមានយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ ដែលកំណត់ទិសដៅអនុវត្ត ការប្រមូលចំណូលពន្ធ សម្រាប់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦នេះ ដោយផ្តោតលើគោលបំណងសម្រេចឱ្យបាននូវ ចីរភាពកំណើនចំណូល, ចីរភាពកំណើនសេដ្ឋកិច្ច, ការ ប្រកួតប្រជែងដោយស្មើភាព និងសមធម៌សង្គម។
លោក ជា វ៉ាន់ដេត បានថ្លែងកោតសសើរ និងគាំទ្រអគ្គនាយកដ្ឋានពន្ធដារចំពោះការផ្តួចផ្តើមដឹកនាំ ក្នុងការធ្វើកំណែទម្រង់អគ្គនាយកដ្ឋានពន្ធដារទាំងមូល ទាំងរដ្ឋបាល សារពើពន្ធច្បាប់ និងបទប្បញ្ញតិពន្ធដារ និងទំនើបកម្មពន្ធដារ និងបានកត់សម្គាល់ថា អគ្គនាយកដ្ឋានពន្ធដារ កំពុងឈានមុខលើការងារទំនើបកម្ម និងបច្ចេកវិទ្យាព័ត៌មាន។ លោកក៏មានចំណាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង និងតាមដានឯកសារ ដែលជាយន្តការនៃការផ្តល់តម្លាភាព និងការបង្កើតប្រសិទ្ធភាព នៃការផ្តល់ សេវាសម្រាប់សេវាសាធារណៈ។
លោក ជា វ៉ាន់ដេត បន្ថែមថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអគ្គនាយកដ្ឋានពន្ធដារ មានចក្ខុវិស័យវែងឆ្ងាយដូចគ្នាលើសារៈសំខាន់នៃការរៀបចំ មជ្ឈណ្ឌល ទិន្នន័យថ្នាក់ជាតិ (BIG DATA) និងហេដ្ឋារចនាសម្ព័ន្ធច្រកចេញ-ចូលប្រព័ន្ធអ៊ីនធើណិតថ្នាក់ជាតិ ហើយជាអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងសិក្សារៀបចំ។
ស្ថាប័នទាំងពីរនឹងបន្តកិច្ចសហការគ្នា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការគ្រប់គ្រងចំណូលពីវិស័យនេះ ទាំងក្របខណ្ឌចំណូលពន្ធដារ និងចំណូលមិនមែនសារពើពន្ធ ពីវិស័យនេះ ក៏ដូចជាសកម្មភាពអាជីវកម្មនានាដែលផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងអេឡិចត្រូនិកនេះផងដែរ៕