(ប៉ៃលិន)៖ គេសង្កេតឃើញថាជារៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន តែងតែទទួលបានប្រាក់មូលនិធិឧបត្ថម្ភ ប្រចាំខែពីលោកស្រីបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលប៉ៃលិន។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ដឹកនាំដោយ លោក សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហុក សុផល អភិបាលរងខេត្ត បានប្រគល់ថវិកាជូនដល់ចាស់ជរា ចំនួន៩១នាក់។
ជនចាស់ជរា ទាំង៩១នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាមូលនិធិ ១០០,០០០រៀល។ ការផ្តល់មូលនិធិនេះ បានរៀបចំនៅការិយាល័យតំណាងរាស្រ្តខេត្តប៉ៃលិន សាលាឃុំអូរអណ្តូង និងសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងចំពោះលោកយាយ លោកតា ដែលមានជំងឺធ្វើដំណើរពីបាក ក្រុមការងារបានយកថវិកាទៅបើកជូនដល់គេហដ្ឋានផ្ទាល់តែម្តង។
ក្នុងឱកាសនោះលោក សៅ សារ៉ាត់ ដែលដឹកនាំក្រុមការងារចុះផ្តល់មូលនិធិ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិតតំណាងរាស្រ្ត បាន ស្រីមុំ ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាលលោក និងលោកស្រី តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។
ឆ្លៀតក្នុងឱកាសនោះដែរ លោក សៅ សារ៉ាត់ បាននាំសេចក្តីអំពាវនាវរបស់លោក អ៊ី ឈាន និងលោកស្រីបណ្ឌិតតំណាងរាស្រ្ត ដែលបានធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាយថាហេតុ។
ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់គ្នាមិនបានដឹងខ្លួនជាមុន និងសូមបន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ ឬកន្សែងឱ្យបានត្រឹមត្រូវនៅពេលចេញទៅក្រៅ រក្សាគំលាតពីគ្នា ២ម៉ែត្រ នៅពេលជួបសន្ទនាគ្នា ចំពោះបងប្អូនប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ មិត្តភ័ក្ត្ររយៈពេល១៤ថ្ងៃសិន
បន្ថែមពីនេះលោករំឮកថា បើមានករណីថាសង្ស័យដូចជា ផ្តាសាយ ហៀរសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ក ពិបាកដកដង្ហើម សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត ដែលនៅជិតផ្ទះបំផុត ឬទំនាក់នងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលនៅកៀកជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបញ្ជូនបងប្អូនទៅកាន់មន្ទីរពេទ្យធ្វើការពិព្យាបាលជំងឺជូន។
សូមបញ្ជាក់ផងដែរថា មូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងតាំងពីឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីលោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិតតំណាងរាស្ត្រមណ្ឌលប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ ជូនលោកយាយលោកតាចាស់ជរា គ្មានទីពឹង ក្នុងខេត្តប៉ៃលិន ដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនាអ្វីឡើយ៕