(ព្រះវិហារ)៖ ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបង្រ្កាបករណីជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ បានចំនួន២០លើក ក្នុងនោះឃាត់ខ្លួនមុខសញ្ញាបានចំនួន ៤៣នាក់ ដកហូតវត្ថុតាងប្រភេទម្ស៉ាក្រាមសថ្លា (ម៉ាទឹកកក) ចំនួន ២០០.៦៩គីឡូក្រាម ប្រភេទមេតំហ្វេតាមីន (wy) ទម្ងន់០.៣១ក្រាម និងវត្ថុតាងជាច្រើនទៀត។
ការឱ្យដឹងបែបនេះរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រយៈពេល០៩ខែ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «រយពេល០៩ខែ ក្នុងឆ្នាំ២០២០នេះដែរ កម្លាំងស្នងការដ្នាននគរបាលខេត្តព្រះវិហារ បង្រ្កាបល្បែងស៊ីសងខុសច្បាប់បានចំនួន ០៨លើក ក្នុងនោះមានល្បែងបៀរ អាប៉ោង ជល់មាន់ និងកន្ទុយលេខឃាត់ខ្លួនអ្នកញៀនល្បែង ៤៦នាក់ ក្នុងនោះមានស្រី ២៩នាក់ និងដកហូតវត្ថុតាងជាច្រើនផងដែរ។ ដោយឡែកចំពោះករណីគ្រឿងញៀន ក្នុងរយៈពេល ០៩ខែនេះ កម្លាំងយើងបង្ក្រាបបាន ២០លើក ឃាត់ខ្លួនមុខសញ្ញា ៤៣នាក់ ដកហូតវត្ថុតាងម្ស៉ៅក្រាមសថ្លា ចំនួន ២០០.៦៩គីឡូក្រាម មេតំហ្វេតាមីន (wy) ទម្ងន់០.៣១ក្រាម ទូរស័ព្ទដៃ ៤៦គ្រឿង ម៉ូតូ១២គ្រឿង និងសម្ភារជាច្រើនទៀត»។
ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានបន្តថា រយៈពេល ០៩ខែនេះ បទល្មើសព្រហ្មទណ្ឌកើតឡើង ចំនួន ៣៣លើកលើ ៤៦លើក បើប្រៀបធៀប និងឆ្នាំ២០១៩កន្លង ទៅមានការថយចុះចំនួន១៣លើក ស្មើនឹង២៨%។ ក្នុងនោះបទល្មើសឧក្រិដ្ឋចំនួន ១០លើក លើ១៧លើក ថយចុះចំនួន ០៧លើក ស្មើ៤១% បទល្មើសមជ្ឈិមចំនួន ២៣លើក លើ២៩លើក ថយចុះចំនួន០៦លើក ស្មើ២១%។ ចំពោះលទ្ធផលកិច្ចប្រតិបត្តិការសមត្ថកិច្ចបង្រ្កាបបាន ២២ករណី ឃាត់ខ្លួនជនសង្ស័យបាន ២៥នាក់ ក្នុងនោះបង្ក្រាបជាក់ស្តែងចំនួន ០៩ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់ បង្ក្រាបតាមការស្រាវជ្រាវ ១៣ករណី ឃាត់ខ្លួនជនសង្សយបាន ១៥នាក់។
ជំនួសមុខឱ្យនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចតាមជំនាញរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់រហូតសម្រេចបាននូវលទ្ធផលល្អប្រសើរ។
ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ទោស្នងការ ក៏បានណែនាំបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចទ្វេរដង ក្នុងទិសដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិឱ្យបានល្អ ពិសេសត្រូវទប់ស្កាត់បទល្មើសនានា នៅតាមមូលដ្ឋានឈរជើររបស់ខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់៕