(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្ស៧នាក់ បានស្លាប់ ១៤នាក់រងរបួសធ្ងន់ និង៦នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញ នេះបើយោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ៍។

របាយការណ៍បានឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើក នៅថ្ងៃម្សិលមិញនេះ បណ្តាលឲ្យខូចខាតម៉ូតូ ១៧គ្រឿង រថយន្តតូច៧គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុនៃគ្រោះថ្នាក់រួមមាន បើកលឿន៧លើក ស្រវឹង៣លើក មិនប្រកាន់ស្តាំ២លើក បត់គ្រោះថ្នាក់២លើក និងប្រជែង១លើក។

សូមជម្រាបថា នៅថ្ងៃទី៧ ខែកុម្ភៈម្សិលមិញនេះផងដែរ កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យយានយន្តចំនួន ២៣៧៨៦៧គ្រឿង (ម៉ូតូ៥៩ភាគរយ) រកឃើញមធ្យោបាយល្មើសចំនួន ៥០៧៨០គ្រឿង (ម៉ូតូ ៦៩ភាគរយ) ក្នុងនោះអប់រំចំនួន ២២៦៩៣គ្រឿង និងពិន័យចំនួន ២៨០៨៧គ្រឿង ៕