(ភ្នំពេញ)៖ លោកស្រី លីយូកា រូឌ្រីហ្គេស បារីយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ ទាំងលោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រីឯកអគ្គរដ្ឋទូតគុយបា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះភាពល្អប្រសើរនៃចំណងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ កម្ពុជា-គុយបា ត្រូវបានពង្រឹងពង្រីកកាន់តែល្អប្រសើរថែមទៀត។
ក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានឯកភាពគ្នាថានឹងខិតខំរិះរកវិធីដើម្បីឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង រដ្ឋាភិបាលក្នុងវិស័យមុខងារសាធារណៈ ពិសេសផ្នែកអភិវឌ្ឍន៍ កសាងសមត្ថភាពធនធានមនុស្សជាមន្ត្រីរាជការ៕