(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យក្រុមការងារបច្ចេកទេស ក៏ដូចជាមន្ទីរសាធារណការនិងដឹកជញ្ជូន ទូទាំងប្រទេស ត្រូវអនុវត្តការងាររបស់ខ្លួនជាប្រចាំទាក់ទងនឹងការចុះបិតជង្ហុកសំបុកមាន់នៅតាមដងផ្លូវ ដោយមិនត្រូវរង់ចាំថវិកាពិសេស ឬទុកផ្លូវនោះចោលបង្កការលំបាកដល់ការធ្វើដំណើរឡើយ ដោយត្រូវយកថវិកាដែលក្រសួងមានសម្រាប់ជួសជុលថែទាំ ឬត្រូវយកថវិកាបន្ទាន់ ដើម្បីសម្រួលដល់ការតភ្ជាប់ឱ្យបាននូវផ្លូវ ដែលត្រូវ ទឹកជំនន់ហូរកាត់ផ្តាច់កន្លងមក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង
ដោយផ្តោតជាសំខាន់ការរៀបចំផែនការស្ដារ និងជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយគ្រោះទឹកជំនន់ តាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
កិច្ចប្រជុំនេះផ្ដោតជាសំខាន់លើរបៀបវារៈមួយចំនួនរួមមាន ការរៀបចំផែនការស្ដារ និងជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយគ្រោះទឹកជំនន់ ការផ្សព្វផ្សាយ សេចក្តីជូនដំណឹងស្ដីពីការ ពង្រឹងវិធានការរឹតបន្តឹង ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ និងវឌ្ឍនភាពការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងផងដែរ។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជានៅតែគិតគូរ និងយកចិត្តទុកដាក់បំលើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាដើម្បីសម្រួលដល់ការរស់នៅ និងបង្កើនប្រាក់ចំណូលគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ជាក់ស្តែងនៅក្នុងរយៈពេលថ្មីៗកន្លងទៅនេះរាជរដ្ឋាភិបាល បានសម្រេចបញ្ចេញកញ្ចប់ថវិកា ដើម្បីស្ថាបនាផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប។
ទាក់ទងនឹងការរៀបចំផែនការស្ដារជួសជុលបន្ទាន់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងគ្រោះដោយទឹកជំនន់ក្នុងរយៈពេលកន្លងទៅនេះ លោកទេសរដ្ឋមន្ត្រី ក៏បាន បែងចែកក្រុមការងារ បច្ចេកទេសចុះទៅសិក្សាវាយតម្លៃផលប៉ះពាល់ពីគ្រោះទឹកជំនន់លើហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្ត ដែលរងផលប៉ះពាល់ដើម្បីធ្វើបញ្ជី ប៉ាន់តម្លៃជាក់ស្តែង និងដាក់ស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្នើ សុំថវិកាជួសជុលក្នុងគោលបំណងសម្រួលដល់ការដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឲ្យអង្គភាពទទួលការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់ ផ្តល់សម្ភារៈឱ្យបានគ្រប់គ្រាន់ដូចជា៖ ស្បែកជើង មួកសុវត្ថិភាព អាវ និងស្រោមដៃជូនដល់បុគ្គលិកកម្មករទាំងឡាយ ដែលបំពេញការងារជួសជុលថែទាំផ្លូវ ដើម្បីបង្ហាញនូវសេចក្តីថ្លៃថ្នូរ សាកសមជាបុគ្គលិក កម្មកររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃសេចក្តីជូនដំណឹងស្ដីពី ការពង្រឹងវិធានការរឹតបន្តឹងចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលធ្វើ ចរាចរណ៍នៅលើផ្លូវថ្នល់ ដើម្បីថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យបានគង់វង្សអាចប្រើប្រាស់បានយូរអង្វែង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕