(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើសារជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុរបស់សម្តេច។
សារលិខិតជូនពររបស់សម្តេចប្រមុខរដ្ឋស្តីទី មានខ្លឹមសារថាយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរដោយសេចក្តីស្រឡាញ់ រាប់អានក្នុងឱកាសចម្រើនជន្មាយុប្រកបដោយពរជ័យសិរីមង្គលមហាប្រសើររបស់ សម្តេចពិជ័យសេនា ដែលនឹងឈានចូលមកដល់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ សូមសម្តេច មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនបញ្ញាឈ្លាសវៃ អាយុយឺនយូរ»។
សម្តេចមានគុណបំណាច់ និងស្នាដៃដ៏ធំធេង ដោយបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គ និងការលំបាករាប់មិនអស់ប្រកបដោយឆន្ទៈមនសិការស្នេហាជាតិ ដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍ ហើយបាននិងកំពុងបន្តបំពេញបេសកកម្មយ៉ាងសកម្មក្នុង វិស័យការពារជាតិ ការពារសន្តិភាព ឯករាជ្យភាព បូរណភាពទឹកដី អធិបតេយ្យជាតិ បម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីបន្តរីកចម្រើនឥតឈប់ឈរនាំមកនូវការអភិវឌ្ឍ វឌ្ឍនភាព និងវិបុលភាព ជារៀងដរាប»។
«ខ្ញុំ និងភរិយា សូមយកឱកាសដ៏សិរីមង្គលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕
ខាងក្រោមនេះ ជាសារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖