(បន្ទាយមានជ័យ)៖ ផ្លូវជនបទ និងផ្លូខេត្តចំនួន៨១៨កន្លែង ស្មើនឹងប្រវែងប្រមាណ ៦៤៨គីឡូម៉ែត្រ ទទួលរងការខូចខាតដោយសារទឹកជំនន់ក ន្លងមក ដែលតម្រូវឲ្យធ្វើការជួសជុលជាបន្ទាន់ សម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ និងដឹកទំនិញ។ នេះជាការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ។
លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួង ក្នុងឱកាសចុះពិនិត្យស្ថានផ្លូវនៅខេត្តបន្ទាយមានជ័យ នៅដើមសប្តាហ៍នេះ បានថ្លែងថា បន្ទាយមានជ័យ គឺជាខេត្តមួយក្នុងចំណោមខេត្ត-រាជធានី ដែលរងគ្រោះដោយទឹកជំនន់។ រាល់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងផ្លូវថ្នល់សុទ្ធតែទទួលផលប៉ះពាល់ ហើយធ្ងន់ធ្ងរជាងគេ ដូច្នេះត្រូវតែជួសជុលស្តារឡើងវិញ ក្រោយទឹកស្រកតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន។
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទរូបនេះ និងលោក អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួង និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួង បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវមួយចំនួនក្នុងស្រុកស្វាយចេក និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់។
លោក ជ្រុន ថេរ៉ាវ៉ាត បានកោតសរសើរអាជ្ញាធរឃុំស្រុក និងប្រជាពលរដ្ឋដែលបានលះបង់កម្លាំងកាយចិត្តចូលរួមសំរួលផ្លូវ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យបងប្អូនយើងបានចរាចរទៅមក ថ្វីត្បិតវាពិបាកតែអាចចរាចរណ៍បានបណ្តោះអាសន្ន។ ការធ្វើស្ពាន ច្រកដីដាក់ការ៉ុងតម្រៀបដាក់ក្នុងកន្លែងដែលទឹកហូរផ្តាច់ គឺជាការដោះស្រាយបញ្ហាប្រឈមបានមួយ រយៈក្រោយពីមន្ទីរជំនាញធ្វើការជួសជុល និងស្តារឡើងវិញ។
លោក ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងផងដែរថា ផលប៉ះពាល់នៃទឹកជំនន់បានបំផ្លាញផ្លូវអស់ជាច្រើនខ្សែ ខ្លះរងផលប៉ះពាល់តិចតួច ខ្លះក៏រងផលប៉ះពាល់ធ្ងន់ធ្ងរ ដូច្នេះដោយយោងតាមបញ្ជា និងការណែនាំរបស់បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវតែធ្វើការពន្លឿនជួសជុល និងស្តារឡើង តែសុំឱ្យបងប្អូនយោគយល់ និងអធ្យាស្រ័យព្រោះក្រសួង និងមន្ទីរសុំធ្វើការជួសជុលតភ្ជាប់ចំពោះផ្លូវអាទិភាពមួយចំនួនជាមុនសិន ដើម្បីសម្រួលឱ្យបងប្អូនបានធ្វើដំណើរ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ហើយពិសេសជាងនេះទៀតនោះ គឺប្អូនៗ ក្មួយៗ សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀន បងប្អូនឈឺថ្កាត់យប់ព្រលប់អាចទៅមន្ទីរពេទ្យបានទាន់ពេលវេលា។
លោកថា «បើគ្មានផ្លូវ កសិផលគ្មានតម្លៃនោះទេ អ្នកទិញអាចបន្ទាបតម្លៃកសិផលយើង ឬក៏គ្មានអ្នកទិញក៏ថាបាន ដូច្នេះមន្ទីរ-ក្រសួងចាំបាច់ត្រូវតែពិនិត្យនឹងធ្វើការតភ្ជាប់ជួសជុល ចំពោះផ្លូវរងគ្រោះធ្ងន់ធ្ងរជាមុនសិន ប៉ុន្តែគ្មានផ្លូវណាមួយត្រូវទុកចោលមិនជួសជុលនោះឡើយ»។
លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ផ្លូវជនបទខេត្តមានចំនួន ២,០៦៧ខ្សែ មានប្រវែងសរុប២,៩២៥គីឡូម៉ែត្រ។ ក្នុងចំនួនផ្លូវទាំងនេះទឹកជំនន់បានគ្រប់គ្រង និងវាយប្រហារអស់ចំនួន៩១៨កន្លែង ស្មើនឹងប្រវែងប្រមាណ ៦៤៨គីឡូម៉ែត្រ។ ចំពោះផ្លូវដែលរងការខូចខាតទាំងនេះមន្ទីរជំនាញ ក៏បានធ្វើការជួសជុលតភ្ជាប់បានមួយចំនួនហើយដែរ នៅឡើយតែផ្លូវជនបទដែលបាន និងគ្រប់គ្រងដោយទឹកជំនន់ប៉ុណ្ណោះដែលមិនអាចធ្វើការជួសជុលបានដោយរងចាំទឹកសម្រកទៅវិញ៕