(កំពង់ឆ្នាំង)៖ ប្រជាកសិកររស់នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលភាគច្រើនប្រកបមុខរបរដាំដំណាំខ្ទឹមសន្លឹកលក់ សម្រាប់ដោះស្រាយជីវភាពគ្រួសារក្រៅ ពីទំនេរពីការងារបង្កបង្កើនផលស្រូវ ដោយពួកគាត់រីករាយឥតឧបមា ដោយសារតែតម្លៃដើមខ្ទឹមឆ្នាំនេះ បានថ្លៃរហូតជាង ១០ដង បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយឆ្នាំនេះតម្លៃខ្ទឹមសន្លឹក ក្នុងមួយគីឡូក្រាម ថ្លៃ១ម៉ឺនរៀល បើប្រៀបធៀបទៅនឹងឆ្នាំមុន ១គីឡូក្រាម ខ្ទឹមសន្លឹកបានថ្លៃតែ ពី៦០០រៀល ទៅ៧០០ រៀលតែប៉ុណ្ណោះ។
បងស្រីម្នាក់ ដែលមានមុខរបរប្រមូលទិញខ្ទឹម ពីប្រជាកសិករតាមចម្ការមកលក់ឱ្យឈ្មួញកណ្ដាល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២០នេះថា ពួកគាត់មិនមានដីចំការដាំខ្ទឹមនឹងគេនោះទេ តែគាត់បានដើរប្រមូលទិញខ្ទឹមតាមចម្ការយកមកលក់ឱ្យឈ្មួញកណ្ដាល ដោយបានកម្រៃក្នុង១គីឡូក្រាម ២០០រៀលដែរ។
បងស្រីបានឲ្យដឹងទៀតថា នៅពេលនេះអ្នកក្នុងភូមិទាំងអស់ ដែលបានបោះបង់មុខរបរដាំខ្ទឹមដោយសារតែខ្ទឹមធ្លាក់ថ្លៃកន្លងមកនោះ ពេលនេះទាំងអស់គ្នាក្នុងភូមិ មិនមាននរណាម្នាក់នៅផ្ទះទេ គឺបាននាំគ្នាសម្រុកមកចម្ការ ដើម្បីចាប់ផ្ដើមដាំដំណាំខ្ទឹមឡើងវិញ ដោយសារតែមួយរយៈនេះខ្ទឹមសន្លឹក និងបន្លែផ្សេងៗ កំពុងមានតម្លៃខ្ពស់នៅក្នុងទីផ្សារ ដែលពួកគាត់មានទឹកចិត្ត ក្នុងការដាំដំណាំខ្ទឹមនិងបន្លែផ្សេងៗជាបន្តទៀត ដោយគ្មានការនឿយណាយ។
ចំណែកបងប្រុសម្នាក់ជាកសិករ ដែលជាម្ចាស់ចម្ការដាំដើមខ្ទឹមមួយកន្លែង នៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលារប្អៀរ បានឱ្យដឹងនៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ផងដែរថា ប៉ុន្មានថ្ងៃនេះដើមខ្ទឹមសន្លឹក និងបន្លែផ្សេងៗ គឺមានហាងឆេងទីផ្សារល្អប្រសើរឡើងវិញ ដែលបានឡើងថ្លៃយ៉ាងគំហ៊ុកដែលដើមខ្ទឹមសន្លឹក ក្នុងមួយគីឡូក្រាមមាន តម្លៃចាប់ពី ៩ពាន់រៀលទៅ១ម៉ឺនរៀល រីឯបន្លែបង្កាផ្សេងៗ ក៏មានមានតម្លៃខ្ពស់ផងដែរ មានប៉ុន្មានក៏ឈ្មួញកណ្ដាលប្រមូលទិញយកទាំងអស់មិនដែលសល់នោះទេ។
បងប្រុសបានបន្តថា ទាំងរូបគាត់ និងកសិករមួយចំនួនទៀត នៅពេលដែលតម្លៃខ្ទឹមចុះថោក ពួកគាត់មិនទាន់ដកលក់នោះទេ គឺបាននាំគ្នាដកដើមខ្ទឹមទាំងនោះយកទៅថែទាំទុកឱ្យល្អ សម្រាប់ធ្វើពូជបន្តនៅពេលក្រោយទៀត ស្របពេលដំណាំដើមខ្ទឹមសន្លឹកឡើងថ្លៃវិញ គឺពួកគាត់អាចលក់ពូជខ្ទឹមទាំងនោះទៅឲ្យប្រជាកសិករនៅក្នុងភូមិដែលគេត្រូវការ ទិញពូជយកទៅដាំបន្ត ពេលនោះដើមខ្ទឹមពូជនដែលគាត់ដកយកមកថែទាំទុក អាចលក់បានក្នុងតម្លៃគួរសមផងដែរ និងមួយចំណែក ទៀតបងប្រុសទុកដាំខ្លួនឯង។
ដោយឡែកលោកយាយម្នាក់ ដែលមកជួយរើសដើមខ្ទឹមកូនរបស់គាត់ ដែលកូនស្រីលោកយាយជាអ្នកប្រកបមុខរបរដាំដំណាំខ្ទឹមតាំងពីដើមមកដែរនោះ លោកយាយក៏បានឱ្យដឹងដែរថា ប៉ុន្មានថ្ងៃនេះដើមខ្ទឹមសន្លឹកមានហាងឆេងនៅក្នុងទីផ្សារឡើងវិញ កូនរបស់លោកយាយក៏នៅសល់ខ្ទឹមមួយចំការសម្រាប់ដកលក់ផងដែរ ខ្ទឹមនេះដែលកូនស្រីរបស់គាត់បានថែទុករហូតមក តាំងតែពីដើមខ្ទឹមនៅមានតម្លៃថោកម្ល៉េះ។
លោកយាយបានបន្តថា សព្វថ្ងៃនេះដើមខ្ទឹមរបស់កូនលោកយាយ ត្រូវបានម៉ូយមកដណ្ដើមគ្នាទិញ ដោយដកឲ្យគេសឹងតែមិនទាន់ទេ ហើយក្នុងមួយថ្ងៃដកបានពី៦០០ទៅ ៧០០គីឡូក្រាមហើយដើមខ្ទឹមនៅក្នុងចម្ការនេះបើដោះបានរហូតដល់រាប់តោនឯណោះ។ លោកយាយថា នៅពេលដកដើមខ្ទឹមលក់អស់គាត់នឹងចាប់ផ្ដើមដាំដំណាំខ្ទឹមនេះសារថ្មីភ្លាមៗ ដោយមិនពន្យារពេលយូរនោះឡើយ។
តែទោះជាយ៉ាងណា លោកយាយនៅតែមានការបារម្ភ ដោយលោកយាយមិនទាន់ហ៊ានឱ្យកូនសម្រុកដាំខ្ទឹមសន្លឹកច្រើនតែមួយមុខនោះដែរ ទុកដីពាក់កណ្ដាលដើម្បីដាំ ដំណាំបន្លែផ្សេងៗខ្លះ ខ្លាចក្រែងដំណាំខ្ទឹមដែលកំពុងតែឡើងថ្លៃ ហើយប្រជាកសិករនៅក្នុងភូមិឃើញដូច្នេះ ក៏នាំគ្នាសម្រុកដាំតែខ្ទឹមមួយមុខ ខ្លាចក្រែងធ្វើឱ្យខ្ទឹមចុះថោកឡើងវិញ មានតែបន្លែនេះហើយ ដែលអាចរក្សាតម្លៃខ្ពស់ក្នុងទីផ្សារ ដូច្នេះលោកយាយត្រូវតែប្រាប់កូនឱ្យមានការប្រយ័ត្នប្រយែងក្នុងការដាំដុះដំណាំសេរីរាង្គនេះ៕