(បាត់ដំបង)៖ នៅក្បាលព្រលប់ថ្ងៃនេះ មានករណីប្លន់មួយករណីបានកើតឡើង នៅចំណុចអូរស្អំ ក្នុងភូមិភ្នំ៧ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យកលុយ និងគ្រឿងអលង្ការអស់មួយចំនួន រហូតមកដល់ម៉ោង១១យប់ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សមត្ថកិច្ចកំពុងឡោមព័ទ្ធនៅទីតាំងកើតហេតុ ស្វែងរកក្រុមជនល្មើស។
មន្រ្តីនគរបាលខេត្តបាត់ដំបង បានប្រាប់ Fresh News ថា នៅម៉ោងប្រមាណ៧៖១០យប់ថ្ងៃនេះ មានជនសង្ស័យមួយក្រុមមានគ្នា ប្រមាណជា៣នាក់ ប្រដាប់ដោយអាវុធវែង១ដើម បានចូលទៅប្លន់ផ្ទះលក់ឥវ៉ាន់ចាប់ហួយមួយកន្លែង ស្ថិតនៅចម្ងាយពីផ្លូវជាតិប្រមាណ៧គីឡូម៉ែត្រ រើកកាយយកទ្រព្បសម្បត្តិអស់មួយចំនួន (លុយ៥ពាន់បាត គ្រឿងមាសជាង៣ជី)។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ក្រុមជនល្មើសបានប្រមូលយកលុយ ប្រមាណ៥ពាន់បាត គ្រឿងអលង្ការប្លាកទីន និងមាសជាង៥ជី ហើយគេចខ្លួនបាត់អស់តែម្តង។
រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែកុម្ភៈនេះ សមត្ថកិច្ចទាន់អាចបញ្ជាក់បាននៅឡើយថា ជាករណីប្លន់ ឬចូលលួចនោះទេ, ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ៕