(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ត្រីជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិនបានថ្លែងប្រាប់ Fresh news ឲ្យដឹងនៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា កម្លាំងនគរ​បាលខេត្តប៉ៃលិន​​ ទទួលបានលទ្ធផល នៃការបង្ក្រាបក្រុមចោរប្លន់២នាក់ នៅត្រង់ចំណុច ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង០៩:២០នាទីព្រឹក ដោយមានកិច្ចសហការពី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឈានទៅរកចាប់ខ្លួនជនសង្ស័យ ចំនួន០២នាក់ នៅចំណុចច្រមុះជ្រូកការ៉ាសសាំងសូគីមិចក្បាលថ្នល់ ដែលទីមួយឈ្មោះ ហ៊ត វិសិទ្ធ ហៅ ចិន រឺអូន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ដៃដល់កាន់ពូថៅ) និងទីពីរឈ្មោះ ហង់ ហំ ហៅ សេង ដា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ (មេក្លោង) រួចនាំខ្លួនមកកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ។

លុះដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ នគរបាលខេត្តប៉ៃលិន បាននាំខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរបំភ្លឺពី រឿងហេតុដែលកើតឡើង ក្រោយមកជនសង្ស័យបានសារភាព ពីសកម្មភាពប្លន់ពិតប្រាកដមែន និងចង្អុលបង្ហាញដល់បក្ខពួកម្នាក់ទៀត ដែលមានឈ្មោះ ហុង ប៊ុនហេង ហៅ ប៊ូកគី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ (ដៃដល់កាន់អាវុធ) ដែលបានរត់គេចខ្លួនទៅរស់នៅក្នុងស្រុកបាទី ខេត្តតាកែវក្រោយធ្វើសកម្មភាពប្លន់ភ្លាមៗ។

ក្រោយទទួលបានចម្លើយ លោកស្នងការក៏សុំដីការបញ្ជាអោយចូលខ្លួន ពីលោកព្រះរាជអាជ្ញាខេត្តប៉ៃលិន ក្រោយមកសមត្ថកិច្ចជំនាញបានរាយការណ៍ ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌរបស់ក្រសួងមហាផ្ទៃ និងស្នងការនគរបាលខេត្តតាកែវ ដើម្បីសុំកិច្ចសហប្រតិបត្តិការ ទៅនាំខ្លួនជនសង្ស័យ ឈ្មោះ ហុង ប៊ុន ហេង ហៅ ប៊ូកគី កាលពី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ មកកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរបំភ្លឺ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់។

លុះមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានសហការជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនប្រពន្ធរបស់ជនដៃដល់ឈ្មោះ ហ៊ត វិសិទ្ធ (ហៅអូន រឺចិន) ដើម្បីរុករក និងដកហូតបានអាវុធម៉ាកAK កាត់ស្វ័យនិងកាត់កាណុង ចំនួន០១ដើម។ ជាលទ្ធផលកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនដៃដល់ និងអ្នកពាក់ព័ន្ធបានចំនួន៤នាក់ ដកហូតវត្ថុតាងរួមមាន៖ អាវុធ AK កាត់ស្វ័យ​ និងកាត់កាណុងចំនួន០១ដើម រថយន្ត Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-6481 ចំនួន០១គ្រឿង ម៉ូតូម៉ាក Wave S ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1K-3640 ចំនួន០១គ្រឿង ពូថៅដៃចំនួន០១ ពិលឆ្លុះពាក់លើក្បាលចំនួន០២ ម៉ាស់បិទមុខពណ៌ខ្មៅចំនួន០១ និងក្រដាសវេលុយវីងចំនួន០១សន្លឹក៕