(ភ្នំពេញ)៖ មុននឹងឈានដល់ដាក់ក្នុងរបៀបវារៈ សម័យប្រជុំពេញអង្គរដ្ឋសភាអនុម័ត នៅពេលខាងមុខ គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បានជួបពិភាក្សាគ្នាដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាង ច្បាប់ស្តីពីការរៀបចំនិង ការប្រព្រឹត្តិទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
កិច្ចប្រជុំបានធ្វើឡើង នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរដ្ឋសភាដឹកនាំដោយ លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលដឹកនាំ ដោយ លោកណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីគណៈកម្មការជំនាញនានា។
លោកបណ្ឌិតរដ្ឋ ជាម យៀប បានកលើកឡើងថា សេចក្តីព្រាងច្បាប់មូលបត្ររដ្ឋនេះ ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាអនុម័តព្រមទាំងព្រះមហាក្សត្រឡាយព្រះរាជក្រម កាលពីឆ្នាំ២០០៧រួចមកហើយ ប៉ុន្តែដោយសារច្បាប់នេះមិនទាន់ស្របតាមការវិវត្តន៍របស់បរិបទកម្ពុជា ពិសេសមិនទាន់ស្របតាមការរីកចំរើននៃបច្ចេកវិទ្យាសម័យទំនើប ទើបរាជរដ្ឋាភិបាលស្នើសុំធ្វើវិសោធនកម្ម។ ប៉ុន្តែច្បាប់នេះមានគ្រប់ដណ្តប់លើច្បាប់មូលបត្ររដ្ឋនៅឆ្នាំ២០០៧ ជាង៩០ភាគរយ អាស្រ័យបែបនេះរាជរដ្ឋាភិបាលស្នើធ្វើច្បាប់មូលបត្ររដ្ឋថ្មី ដែល នឹងអាចគ្រប់ជ្រុងជ្រោយ និងសមស្របតាមសភាពការណ៍រីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងសកលលោក។
លោកបណ្ឌិត បានបន្តថាសេចក្តីព្រាងច្បាប់មូលបត្ររដ្ឋនេះ មាន៥ជំពូក និង១៦មាត្រា។ ច្បាប់នេះមានគោលការណ៍សំខាន់ និងឧបកណ៍សំខាន់ ក្នុងការកៀរគរហិរញ្ញប្បទានទាំងក្នុង និងក្រៅស្រុកសម្រាប់ការអភិវឌ្ឍន៍សង្គម។ ការធ្វើវិសោនធកម្មច្បាប់មូលបត្ររដ្ឋនេះគឺ ជាឧបករណ៍គតិយុត្តិធម៌ ដែលសមស្របតាមតម្រូវការ និងស្របតាមតថភាពជាក់ស្តែងក៏ដូចជា បទបញ្ញត្តិទាក់ទងដែលមាននៅជាធរមានដែលអនុញ្ញាត ឲ្យរដ្ឋាភិបាលប្រើប្រាស់ហិរញ្ញវត្ថុ សម្រាប់កៀរគហិរញ្ញប្បទានបន្ថែមផងដែរ។
លោកបណ្ឌិតថ្លែងថា ច្បាប់នេះក៏មានវិសាលាភាពក្នុងការគ្រប់គ្រងការជួញដូរ និងគ្រប់គ្រងមូលបត្ររដ្ឋ ដែលបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាលផងដែរ។ សេចក្តីព្រាងច្បាប់មូលបត្ររដ្ឋថ្មីនេះ ត្រូវបានកែប្រែស្ទើគ្រប់មាត្រា នៃច្បាប់ស្តីពីមូលបត្ររដ្ឋឆ្នាំ២០០៧ ហើយរាជរដ្ឋាភបាលបន្ថែមខ្លឹមសារឲ្យស្របស្ថានភាពជាក់ស្តែងកម្ពុជា នៅក្នុងតំបន់ និងសកលលោកដែរ។
ជាមួយគ្នានោះដែរ លោកបណ្ឌិតរដ្ឋ ក៏បានលើកអំពីសេចក្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារមានចំនួន៥ជំពូក៨ផ្នែក និង២៥មាត្រា។ សេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើឡើងក្នុងក្នុងគោលបំណងឆ្លើយតបនឹងការកើនឡើងនូវវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។
លោកបណ្ឌិតលើកឡើងទៀតថា សេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងដើម្បីធ្វើសមាហរណកម្មយន្តការ នៃការគ្រប់គ្រង និងត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ មានជាអាទិ៍៖ វិស័យធានារ៉ាប់រងនិងសោធនឯកជន វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យនិងសវនកម្ម និងវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ក្នុងគោលបំណងពង្រឹងនិងធានាប្រសិទ្ធិភាពនៃការគ្រប់គ្រង ការត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងមក៕