(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងក្រុមការងារបានផ្តល់អង្ករចំនួន៣តោន តាមរយៈរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីយកទៅចែកជូនដល់ជនរងគ្រោះដោយទឹកជំនន់កន្លងមក នៅព្រឹកថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឱ្យដឹងថា ដោយសារមើលឃើញគ្រោះធម្មជាតិ នៅក្នុងខេត្តបន្ទាយមានជ័យយ៉ាងធ្ងន់ធ្ងរ ធ្វើប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រាប់ម៉ឺនគ្រួសារ ជួបប្រទះនូវការខ្វះស្បៀង ទើបលោកបានជួយធ្វើការឧបត្ថម្ភមានស្បៀងសង្គ្រោះបន្ទាន់មានអង្ករ៣តោន ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីយកទៅចែកជូនជនរងគ្រោះផ្ទះលិចទឹកបន្ត។
លោកបានបន្តថា គ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងទឹកហូរពីប្រទេសថៃ ចាប់ពីថ្ងៃចាប់ពី១៤ ខែតុលា ឆ្នាំ២០២០កន្លងមក ធ្វើឱ្យផ្ទះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ ជាង៤ម៉ឺនគ្រួសារ នៅក្នុងខេត្តបន្ទាយមានជ័យ។ ស្របពេលនោះជនរងគ្រោះលិចទឹកទាំងអស់ បានទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្នាក់ជាតិ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងសប្បុរសជនជាច្រើនទៀតផង។
លោកបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងនោះមានលិចផ្ទះសម្បែងជាច្រើនពាន់ខ្នងគ្រួសារទាំងនោះ ត្រូវបានសមត្ថកិច្ចទាំងបីមានកម្លាំងអាវុធហត្ថខត្តបន្ទាយមានជ័យ កម្លាំងនគរបាល និងកម្លាំងយោធាបានជួយជន្លៀសទៅរស់នៅទីទួលសុវត្ថិភាពទាំងអស់ ថែមទាំងចែកស្បៀងបន្ទាន់មានគ្រឿងឧបភោគបរិភោគឱ្យបានគ្រប់ៗគ្នាទៀតផង។
ក្នុងនោះលោកឧត្តមសេនីយ៍ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានការសង្ស័យថា កន្លែងបងប្អូនប្រឈមគ្រោះថ្នាក់ត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់ ដើម្បីក្រុមសង្គ្រោះបានចុះជួយជម្លៀសរកទីទួលមានសុវត្ថិភាពទាន់ពេលវេលា។
ក្នុងនោះលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានផ្តាំផ្ញើដល់បងប្អូនក្រោយពីទឹកស្រកវិញនោះត្រូវយកចិត្តការងារបង្ករបង្កើនផលការចិញ្ចឹមសតដាំបន្លែដំណាំដាំដុះ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារផងដែរ៕