(ភ្នំពេញ)៖ ថ្លែងនៅក្នុង វេទិកាជួបសំណោះសំណាលជាមួយសកម្មជនមូលដ្ឋាន ខេត្តកំពង់ឆ្នាំង នាថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ ឲ្យផ្ដោតលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ ជាអាទិភាព។ ព្រោះការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាននេះ មានសារៈសំខាន់ណាស់។
សូមជំរាបថា នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានចូលរួមជាអធិបតីក្នុង «វេទិកាសកម្មជនមូលដ្ឋាន» ដើម្បីជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ចលនាយុវជន ចលនាស្រ្ដីគណបក្ស និងចលនាខ្មែរ-ឥស្លាម ខេត្តកំពង់ឆ្នាំង។ វេទិកានេះប្រព្រឹត្ដទៅនៅភូមិសំរោង ឃុំតាជេដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមប្រមាណជា ៣០០០នាក់៕