(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ក្នុងឱកាសផ្ដល់ស្រូវពូជដល់ប្រជាពលរដ្ឋចំនួន៦៦៣គ្រួសារ នៅក្នុងសង្កាត់ចំនួន៥ នៃខណ្ឌដង្កោ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងថា បើប្រជាពលរដ្ឋខ្វះទឹក ដើម្បីបង្កបង្កើនផល លោកធានាដាក់ម៉ាស៉ីនបូមទឹក ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ធ្វើស្រែ និងដំណាំផ្សេងៗទៀត។
លោក ឃួង ស្រេង បានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋដែលទទួលរងនូវការលិចលង់ដោយទឹកជំនន់នៅក្នុងខណ្ឌដង្កោនេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ ពិសេសសម្ដេចតេជោ ហ៊ុន សែន ដោយនៅពេលនេះសម្តេចបានផ្ដល់នៅស្រូវពូជ ដើម្បីឲ្យប្រជាពលរដ្ឋបានបង្កបង្កើនផលឡើងវិញ។
ក្រោយពីទទួលបាននូវគ្រាប់ពូជនេះហើយ លោកសន្យាលើការផ្គត់ផ្គង់ទឹកថែមទៀត ដើម្បីបង្កបង្កើនផលស្រូវនេះ ដោយលោកបានជំរុញឲ្យអភិបាលខណ្ឌដង្កោ ចាត់ចែងរឿងនេះ ពោលគឺបើប្រជាពលរដ្ឋខ្វះខាតទឹកក្នុងការបង្កបង្កើនផលស្រូវនិងដំណាំផ្សេងៗ នៅក្នុងមូលដ្ឋានខណ្ឌដង្កោកយើងចាត់ចែងភ្លាម។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំទៅដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ខណៈបង្កបង្កើនផលដំណាំស្រូវនិងដំណាំរួមផ្សំឡើងវិញ គឺត្រូវអនុវត្តទៅតាមលក្ខណៈបច្ចេកទេសរបស់ ក្រសួងកសិកម្មឲ្យបានត្រឹមត្រូវ ដើម្បីឱ្យផលដំណាំទទួលបានទិន្នផលគាប់ប្រសើរ។
លោក ហួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា សម្រាប់រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងនៅរាជធានី គឺបានធ្វើឲ្យខណ្ឌចំនួន៤ បានទទួលរងនូវការលិចលង់ ក្នុងនោះសង្កាត់ដែលបើប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺនៅខណ្ឌដង្កោ។ ដើម្បីស្ដាឡើងវិញក្រោយពីទទួលបាននូវស្រូវពូជនេះហើយ សូមប្រជាពលរដ្ឋ បង្កបង្កើនផលឲ្យបានទាន់ពេលវេលាទៅតាមអ្វីដែលអាចធ្វើបាន។
លោកស្រីក៏បានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០នេះកម្ពុជាពិតជាទទួលរងនូវផលប៉ះពាល់ពីរធំៗ នោះគឺបញ្ហាជម្ងឺកូវីដ១៩ និងបញ្ហាទឹកជំនន់។ ប៉ុន្តែទោះបីជាយ៉ាងណា ដីកម្ពុជានៅតែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេសបានប្រមាណ ៥៣ម៉ឺនតោន ដែលមានទឹកប្រាក់ប្រមាណ ៣៦៦លានដុល្លារ ហើយចំពោះការផ្ដល់ស្រូវពូជនេះ យើងបានសម្រិតសម្រាំង ដែលអាចបង្កបង្កើនផលបានទិន្នផលពី៨០ទៅ៨៥ភាគរយ។
លោកស្រី គីម ញឹម អភិបាលខណ្ឌដង្កោ បានលើកឡើងថា ពូជស្រូវស្រាលដែលចែកជូនប្រជាកសិករនេះមានចំនួន ៥០តោន ស្មើ ៦៦៣ គ្រួសារ សង្កាត់គងនយ សង្កាត់ទៀន សង្កាត់រលួស សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅខណ្ឌដង្កោ។ លោកស្រីបន្តថា ចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់គ្នា បណ្តាលឱ្យទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានការហក់ឡើងខ្ពស់ ធ្វើឲ្យជន់លិចភូមិចំនួន៤២ភូមិ ក្នុងសង្កាត់ចំនួន១១។
ក្នុងនោះ ជន់លិចផ្ទះសំបែងចំនួន ៤៩៦៥ ខ្នងផ្ទះ ស្មើនឹង ៥៥៨៧ គ្រួសារ ដែលមានប្រជាពលរដ្ឋចំនួន២៣៥៦០នាក់ រងគ្រោះជំនន់ទឹកស្ទឹងព្រែកត្នោតដោយផ្ទាល់ និងបង្កការខូចខាតដំណាំស្រែចំការចំនួន ១០៧៩ ហិកតា សត្វគោសរុបចំនួន ១៤៨៨ ក្បាល និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៥៣ ខ្សែ ស្មើនឹង ២០.១៩៥ ម៉ែត្រសាលារៀនចំនួន ១២ទីតាំង វត្តអារាមចំនួន ១០ទីតាំង មណ្ឌលសុខភាព០៣ទីតាំង ប៉ុស្តិ៍សុខភាព០២ទីតាំង រោងចក្រ១៣ទីតាំង សហគ្រាសធន់តូច និងសិប្បកម្មចំនួន ១១ ទីតាំង ដែលមានកម្មករសរុប ៥៤១៦នាក់ ស្រី៣៦៤៥នាក់ ក្នុងនោះដែលក៏មានជំនន់ទឹកភ្លៀងបណ្តាល ភូមិចំនួន១៩ភូមិ ក្នុងសង្កាត់ចំនួន៥ ជន់លិចខ្នងផ្ទះ១២៧៩ខ្នងផ្ទះ ស្មើនឹង១៣២៥គ្រួសារ ដែលមានប្រជាពលរដ្ឋចំនួន ៦៩១២នាក់ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ៕