(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានរយៈពេល ប្រមាណ១៦នាទី មានចំណងជើងថា «ក្រោយការបោះបង្គោលព្រំដែន ពលរដ្ឋខេត្តត្បូងឃ្មុំទទួលផលប្រយោជន៍ច្រើនជាងមុន»។
វីដេអូពិសេសនេះ បានបង្ហាញ អំពីភាពផ្ទុយស្រឡះពីការ ឃោសនា ញុះញង់ អុជអាលពីសំណាក់ជនជ្រុលនិយមមួយចំនួនដែលថា កម្ពុជាបានបាត់បង់ទឹកដីក្នុងខេត្តត្បូងឃ្មុំ ដោយសារតែការបោះបង្គោលខណ្ឌសីមាព្រំដែន តាមពិតបង្គោលព្រំដែនទាំងអស់ ដែលបានបោះរួចតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម សុទ្ធតែត្រូវបានធ្វើឡើងដោយរក្សា បានទាំងស្រុងនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីខ្មែរដោយគ្មានការបាត់បង់ឡើយ។
ម៉្យាងវិញទៀត ក្នុងរយៈពេល២ថ្ងៃមកនេះ ពួកក្រុមប្រឆាំងនៅតែបន្តធ្វើយុទ្ធនាការបំពុល និងបំភ័ន្តសាធារណមតិជាថ្មីទៀត បន្ទាប់ពីរដ្ឋសភាបានអនុម័តយល់ព្រម លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម ដែលការចោទប្រកាន់ និងមួលបង្កាច់របស់ពួកប្រឆាំង គឺជាចេតនាទុចរិត ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងខ្សែព្រំដែនជាមួយប្រទេសជិតខាង ឱ្យទៅជាព្រំដែន មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាមួយនឹងធានាយ៉ាងម៉ឺងម៉ាត់ថា នឹងមិនឱ្យបាត់បង់ទឹកដីសូម្បីតែមួយម៉ែត្រក្រឡាឡើយ។
សូមទស្សនាវីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សដូចតទៅ៖