(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជាទទួល ឫមិនទទួលបានសំណូមពរ ពីប្រជាពលរដ្ឋក្ដី ចំពោះការអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ការកសាងហេដ្ឋារចនាសម័ន្ធមានជាផ្លូវ ប្រព័ន្ធលូ ស្ពានឆ្លងទន្លេ ស្ពានអាកាស សាលារៀន មន្ទីរពេទ្យ ស្ទើរទូទាំងប្រទេស គឺត្រូវតែអនុវត្តជាជំហ៊ានៗ ដោយផ្ដើមចេញពីការដឹកនាំដ៍ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ការគូសបញ្ជាក់របស់លោក ជា ពិសី បានធ្វើឡើងក្នុងពេលលោកដឹកនាំមន្ត្រីពាក់ព័ន្ធ ដែលមានការអញ្ជើញចូលរួមពី លោក-លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីសាលាខណ្ឌ និងលោក-លោកស្រីចៅសង្កាត់ ចៅសង្កាត់រង សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់, លោកនាយនគរបាលប៉ុស្តិ៍ បុគ្គលិកសាលាសង្កាត់ តំណាងក្រុមហ៊ុន យុវជន ស.ស.យ.ក និងប្រជាពលរដ្ឋ សរុបចំនួន ១៣០នាក់ នៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងគ្មានសរសៃដែក ដាក់លូមូល និងស្តារលូ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកអភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញឲ្យដឹងថា ចំពោះគម្រោង ដែលបានប្រកាសបើកការដ្ឋាន នាព្រឹកនេះ រួមមាន៖
១-ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ចំនួន០១ខ្សែ ដែលមានប្រវែង ៣៧៦ម៉ែត្រ ទទឹង២,៣៧ម៉ែត្រ កម្រាស់ ០,១២ម៉ែត្រ។
២-ដាក់លូមូលរំដោះទឹក ចំនួន០២ខ្សែ ដែលមានប្រវែង ៣៨០ម៉ែត្រ អង្កត់ផ្ចិត០.៥ម៉ែត្រ ប្រវែង ៨០ម៉ែត្រ អង្កត់ផ្ចិត ០១ម៉ែត្រ។
៣-ស្តារលូ ប្រវែង ៣០០ម៉ែត្រអង្កត់ផ្ចិត០.៦ម៉ែត្រ ដែលស្ថិតក្នុងភូមិក្រោមគោ សង្កាត់គីឡូម៉ែត្រលេខ៦ ដោយប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ប្រចាំឆ្នាំ របស់រដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ សរុបថវិកាអស់ចំនួន ១៧២,៩៩៦,០០០រៀល។
ជាមួយគ្នានេះ លោក ជា ពិសី បានឆ្លៀតឱកាសនាំយកនូវសារ៉ុងមកឧបត្ថម្ភដល់បង-ប្អូនប្រជាពលរដ្ឋម្នាក់១ ផងដែរ ដើម្បីទុកជាចំណងដៃអនុស្សាវរីយ៍ បន្ទាប់ពីពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង គម្រោងដាក់លូថ្មី និងស្តារប្រព័ន្ឋលូ នៅសង្កាត់គីឡូម៉ែត្រលេខ៦ នេះ ត្រូវបានបញ្ចប់៕