(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅយង់ឃ្នង់ ព្រៃផ្សៃ អមនុស្សធម៌ទៅលើទារកដែលមានអាយុប្រមាណក្រោម២សប្ដាហ៍ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត រួចយកទៅដាក់ក្នុងកេសក្រដាស បោះចោលតាមទីសាធារណៈ។ នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ករណីនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសពទារកនៅក្នុងកេសក្រដាស កាលពីវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើចិញ្ចើមផ្លូវជាប់របងវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ តាមបណ្ដោយផ្លូវ៧៤ ភូមិទី១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលករណីនេះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បាននិងកំពុងស្រាវជ្រាវរកអ្នកប្រព្រឹត្ត និងចាត់វិធានការតាមនីតិវិធី។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏ដូចជាសាធារណជនទូទៅ ពិតជាមានក្ដីរន្ធត់តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរក្រៃលែងចំពោះទារកដ៏កំសត់ម្នាក់នេះ ដែលទទួលរងគ្រោះដោយអំពើព្រៃផ្សៃ អមនុស្សធម៌ និងយល់ឃើញថា អំពើដ៏សាហាវ ឃោរឃៅ យង់ឃ្នង់នេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេស សិទ្ធិរស់រាន់មានជីវិត ដែលកម្ពុជាបានផ្ដល់សច្ចាប័ន និងមានក្នុងរដ្ឋធម្មនុញ្ញជាធរមាន។
ពាក់ព័ន្ធនឹងអំពើឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះជនល្មើស ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះ កើតមានក្នុងសង្គមយើងបន្ដទៀត៕