(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានថ្លែងប្រាប់អង្គភាព Fresh Newsថា នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកបាន ប្រាប់នគរបាលរបស់ខ្លួន អនុញ្ញាតឲ្យទូកនេសាទ និងទូកដឹកភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចចេញដំណើរ ទៅកាន់សមុទ្របានហើយ ក្រោយពីអាកាសធាតុបានស្ងប់ស្ងាត់ (ខ្យល់ និងរលកមិនបោកបក់ខ្លាំង)។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានអនុញ្ញាតឲ្យចេញហើយ តាំងពីម៉ោង៣៖៣០នាទីមកម្ល៉េះ អូរប័រដឹកភ្ញៀវអន្តរជាតិ៣គ្រឿង បានចេញ ក្រោយពីអាកាសធាតុបានថមថយហើយ ប៉ុន្តែកម្លាំង របស់យើងនៅតាមដានជាប់រហូតអំពីអាកាសធាតុ ជាមួយមន្រ្តីពាក់ព័ន្ធ ដើម្បីជួយអន្តរាគមន៍ នៅពេលមានរឿងអ្វីកើតឡើងនោះ»។
នៅព្រឹកថ្ងៃនេះ លោកស្នងការ បានប្រាប់ទៅនគរបាលរបស់លោក ហាមទូកនេសាទ ទូកដឹកភ្ញៀវទេសចរចេញដំណើរ ពោលត្រូវផ្អាកជាណ្តោះអាសន្ន សិនរង់ចាំអាកាសធាតុល្អឡើងវិញ ដោយសារតែពេលនោះមានខ្យល់ និងរលកបោកបក់ធំៗ។
ស្ថានភាពអាកាសធាតុបែបនេះ ក៏បណ្តាលផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង ស្ថិតនៅភូមិព្រែកស្វាយ ក្រុងព្រះសីហនុ បានប៉ើងចូលទឹកសមុទ្រ ដោយសារតែខ្យល់ខ្លាំងៗ។
សម្រាប់បញ្ហាសន្តិសុខវិញ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការដល់ គ្រប់ការិយាល័យកណ្តាលជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុកប្រមូលកម្លាំងត្រៀមទ្រោលសភាពការណ៍ និងចេញប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម-កូរ៉េ។
ជាមួយគ្នានេះ កម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលតាម ក្រុង-ស្រុក បានការពារតាមគោលដៅសំខាន់ៗ និងចេញល្បាតការពារសន្តិសុខ តាមទីប្រជុំជន តាមផ្សារកន្លែងលក់មាស ប្តូរប្រាក់តំបន់ស្មុគ្រស្មាញ និងតាមឆ្នេរសមុទ្រ ខណៈកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទាំង២៧បានចាត់តាំងកម្លាំងប្រចាំការចេញល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនជាប្រចាំទាំងថ្ងៃទាំងយប់៕