(សេអ៊ូល)៖ ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បានរាយការណ៍មកថា កូរ៉េខាងជើង បាននឹងកំពុងតែត្រៀមសាកល្បងបាញ់នុយក្លេអ៊ែរ លើកទី៥ នៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទទួលបានជោគជ័យទៅលើការបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន និងការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ។
នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយនៅភាគខាងត្បូងនៃប្រទេស ដោយមីស៊ីលនោះ ត្រូវបានសារព័ត៌មានជប៉ុនរាយការណ៍ថា បានធ្លាក់នៅក្បែរកោះមួយក្នុងដែនសមុទ្ររវាងប្រទេសទាំងពីរ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ិនហួ ចេញផ្សាយនៅមុននេះបន្ដិច។
កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅនេះ កូរ៉េខាងជើង បានប្រកាសថា ខ្លួនទទួលបានជោគជ័យក្នុងការបំផ្ទុះគ្រាប់បែកអ៊ីដ្រសែល ហើយគ្រាប់បែកនេះ ត្រូវបានកូរ៉េខាងជើង អះអាងថា អាចកម្ទេចសហរដ្ឋអាមេរិកបានទាំងមូល។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ កូរ៉េខាងជើង បានបាញ់សាកល្បងរ៉ូកែតរយៈចម្ងាយឆ្ងាយ ប៉ុន្តែក្រុមអ្នកជំនាញបានសន្និដ្ឋានថា ការបាញ់សាកល្បងនោះមិនទទួលបានជោគជ័យទេ ព្រោះតែរ៉ូកែតនោះបានធ្លាក់នៅក្បែរសមុទ្រជប៉ុន៕