(ភ្នំពេញ)៖ គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២០ ប្រាក់ចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញអង្ករ ទៅក្រៅប្រទេស មានការកើនឡើងជិត៤៧លានដុល្លារ ដែលកំណើននេះស្មើនឹង១៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
ជារួមទឹកប្រាក់សរុប ដែលកម្ពុជាទទួលបានពីការនាំចេញអង្ករក្នុងរយៈពេល១០ខែ មានចំនួន ៣៦៦.៤៤លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកានេះ។
ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ បរិមាណអង្ករនាំចេញរបស់កម្ពុជា មានចំនួន ៥៣៦ ០៣៥ តោន ដែលមានការកើនឡើង១៧.១១% បើប្រៀបធៀបនឹងរយៈពេល១០ខែដូចគ្នា ឆ្នាំ២០១៩។
ចំពោះទីផ្សារចម្បងនៃការនាំចេញអង្កររបស់កម្ពុជា គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តរបស់ចិន (ហុងកុង ម៉ាកាវ តៃវ៉ាន់) មានចំណែក៣៦% បន្ទាប់មកគឺ បណ្តាប្រទេសចំនួន២៧នៅក្នុងទ្វីបអឺរ៉ុបមានចំណែក៣២% ហើយទីផ្សារបន្តបន្ទាប់ មានដូចជា បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៦ មានចំណែក១៣% បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រិ្វកចំនួន១០ មានចំណែក៩% បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីនិងអូសេអានី ជាពិសេសគឺប្រទេសអូស្រ្តាលី និងញូហ្សេឡេន មានចំណែក៦% បណ្តាដែនកោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង និងអាមេរិក មានចំណែក២% និងចុងក្រោយគឺ បណ្តាប្រទេសនៅក្នុងទ្វីបអាមេរិកខាងជើង និងប្រទេសនៅក្នុងមជ្ឈឹមបូព៌ា មានចំណែក ២%៕