(ភ្នំពេញ)៖ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បានចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោង៥៖៣៥នាទីល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ និងចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣។

បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជា ប្រមុខការទូតនៃប្រទេសសមាជិកអឺរ៉ុបមួយនឹង នឹងបន្តដំណើរទៅបំពេញបេសកកម្មនៅប្រទេសថៃបន្តទៀត។

ប្រមុខការទូតនៃប្រទេសហុងគ្រី បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល១ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។

អំឡុងបំពេញទស្សនកិច្ចនេះ លោកបានជួបប្រជុំជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា, ចូលរួមសម្ពោធការិយាល័យ នៃស្ថានទូតហុងគ្រី ប្រចាំនៅកម្ពុជា, ជួបជាមួយ លោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ, ជួបពិភាក្សាជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ជួបជាមួយនឹង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រោយជំនួបសម្តែងការគួរសមនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ដូចខាងក្រោម៖

១៖ កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី

២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី

៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី

លោក ភីធើ ស៊ីចាតូ ជារដ្ឋមន្រ្តីការបរទេសនៃប្រទេសជាមិត្តទី៣ ដែលបានមកដល់កម្ពុជា អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពី រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ កាលពីខែសីហា ឆ្នាំ២០២០ និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។

ក្រសួងការបរទេសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ភីធើ ស៊ីចាតូ បានបន្តពង្រីក និងពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជានិងហុងគ្រី៕