Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សួស យ៉ារ៉ា៖ ទោះរីករាលដាលជំងឺឆ្លងកូវីដ១៩ យ៉ាងណាក្តី តែជំងឺនេះមិនបានរំខានដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា-ហុងគ្រីឡើយ

03-11-2020 17:32

(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ បានថ្លែងថា ទោះមានការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩យ៉ាងណាក្តី តែជំងឺនេះ មិនបានរំខានដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទំាងពីរកម្ពុជា-ហុងគ្រីនោះឡើយ។

លោក សួស យ៉ារ៉ា បានថ្លែងបែបនេះ ក្នុងឱកាសដែលលោក បានជួបពិភាក្សាការងារជាមួយ លោក ភីធើ ស៊ីចាតូ ( PÉTER Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ខណៈប្រមុខការទូតហុងគ្រី ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងជំនួបនោះ សួស យ៉ារ៉ា បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់ លោក ភីធើ ស៊ីចាតូ និងគណៈប្រតិភូនៅកម្ពុជា ក្នុងខណៈដែលពិភពលោកកំពុងរាតត្បាតដោយជំងឺកូវីដ១៩នោះ។

លោកបានលើកឡើងដូច្នេះថា៖ «ទោះមានការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩យ៉ាងណាក្តី តែជំងឺនេះ មិនបានរំខានដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទំាងពីរកម្ពុជា-ហុងគ្រីនោះឡើយ។ ជាពិសេសទំនាក់ទំនងដ៏ស្អិតរមួតរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំប្រទេសហុងគ្រី»

ក្នុងជំនួបដ៏ស្និទ្ធស្នាលរវាង លោក សួស យ៉ារ៉ា និងលោក ភីធើ ស៊ីចាតូ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា លើចំណុចសំខាន់ៗ មានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិតិប្បញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា-ហុងគ្រី និងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍គ្នាលើវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ជាដើម។

លោក ភីធើ ស៊ីចាតូ បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល១ថ្ងៃ។ លោកជារដ្ឋមន្រ្តីការបរទេសនៃប្រទេសជាមិត្តទី៣ ដែលបានមកដល់កម្ពុជា អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពី រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ កាលពីខែសីហា ឆ្នាំ២០២០ និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។

ក្រសួងការបរទេសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ភីធើ ស៊ីចាតូ នឹងបន្តពង្រីក និងពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជានិងហុងគ្រី៕