(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង មានផែនការច្បាស់លាស់ ក្នុងការរៀបចំគម្រោងបម្លាស់ទីផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម ដែលបច្ចុប្បន្នកំពុងរស់នៅលើផ្ទះបណ្ដែតទឹកក្នុងទន្លេ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ដោយឲ្យទៅរស់នៅលើគោកវិញ ដែលអាជ្ញាធរខេត្តបានរៀបចំទីតាំងមួយកន្លែង ក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
យោងទៅតាមសេចក្តីកំណត់ស្ដីពីពេលវេលា នៃការដំណើរការរៀបចំបន្លាស់ទីអ្នករស់នៅលើផ្ទះបណ្ដែតទឹក ក្នុងក្រុងកំពង់ឆ្នាំង ឱ្យទៅរស់នៅលើគោកវិញ ដែលរៀបចំដោយគណៈបញ្ជាការឯកភាពរដ្ឋ បាលខេត្តកំពង់ឆ្នាំង មានលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដោយលោកបានចាត់ចែងពេលវេលាដ៏ច្បាស់លាស់ ជូនទៅសមាគមវៀតណាម ដើម្បីចូលរួមអនុវត្តទៅតាមផែនការរបស់សាលាខេត្ត។
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំបន្លាស់ទីផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាមដែរនោះ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ថា តាមផែនការរបស់លោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកបានកំណត់ពេល វេលាយ៉ាងច្បាស់លាស់ ដើម្បីឱ្យអ្នករស់នៅលើផ្ទះបណ្តែតទឹកមានពេលវេលាសមស្រប ក្នុងការរៀបចំ និងចូលរួមអនុវត្តតាមផែនការរបស់អាជ្ញាធរខេត្ត ដើម្បីបម្លាស់ទីផ្ទះបណ្ដែតទឹក ទៅរស់នៅលើគោកវិញ។ ហេតុនេះ ដើម្បីអនុវត្តកម្មវិធីបន្លាស់ទីឲ្យទទួលបានលទ្ធផលល្អ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំណត់គោលការណ៍ និងពេលវេលាមួយចំនួនដូចខាងក្រោម៖
*ពេលវេលារៀបចំ គឺចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ (រយះពេល២០ថ្ងៃ) សមាគមត្រូវធ្វើបញ្ជីប្រជាពលរដ្ឋដែលត្រូវបន្លាស់ទី អ្នកដែលកំពុងរស់នៅ លើគោកជួរមាត់ទន្លេ និងអ្នករស់នៅលើផ្ទះបណ្ដែតទឹក និងធ្វើបញ្ជីរៀបចំកន្លែងថ្មីទាំងប្លង់ដី និងលេខដីឡូត៍ឲ្យបានច្បាស់លាស់។
*ក្រុមហ៊ុនត្រូវជំរុញក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ ចាក់គ្រួស ឬថ្មមិច ធានាដល់ការចរាចររថយន្តចេញចូលបាន។ រីឯសមាគមជនជាតិវៀតណាម ត្រូវរៀបចំគោល នយោបាយជួយគាំទ្រ គ្រួសារប្រជាពលរដ្ឋជាថវិកា ឈើ ដែក ឬស័ង្កសី។ល។ ពិសេសរៀបចំទឹកស្អាត ភ្លើងអគ្គិសនី រុះរើ និងសាងសង់ដូចជាសាលាបុណ្យ ឬក៏ទីគោរពបូជាផ្សេងៗឲ្យបានចរួចរាល់។
*ការកំណត់ពេលវេលាសាងសង់ជម្រកនៅកន្លែងថ្មី ដោយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់ផ្ទះ ដោយមានការគាំទ្រពីសមាគម អាជ្ញាធរ និងសមត្ថកិច្ចផងនោះ ត្រូវរៀបចំដំណើរការសាងសង់ជម្រកនៅកន្លែងថ្មី ហើយសមាគមត្រូវដោះស្រាយប្រាក់ ឬសម្ភារគោលនយោបាយជូនប្រជាពលរដ្ឋរបស់ខ្លួន។
រីឯពេលវេលាដែលត្រូវបំលាស់ទីផ្ទះបណ្ដែតទឹកឲ្យទៅនៅកន្លែងថ្មីនោះ គឺចាប់អនុវត្តពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ក្នុងនោះសមាគម អាជ្ញាធរ និងសមត្ថកិច្ច ត្រូវជួយដឹកជញ្ជូនសម្ភារដើម្បីអនុវត្តផែនការឱ្យបានទាន់ពេលវេលា។
ការកំណត់ពេលវេលាសម្អាតកន្លែងចាស់នឹងរុះរើជញ្ជាំងលើបែរចិញ្ចឹមត្រី ក្រោយពេលបម្លាស់ទី ដោយមិនឲ្យមានមនុស្សរស់នៅលើនោះជាបន្តទៀតឡើយ គឺការងារនេះ ចាប់ផ្ដើមអនុវត្តពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារចុះពិនិត្យ ជម្រុញការរុះរើសបញ្ចប់ មិនឲ្យមានការរស់នៅលើបែចិញ្ចឹមត្រី និងនៅលើទីតាំងនោះជាបណ្ដោះអាសន្នទៀតឡើយ ត្រីដែលនៅក្នុងបែរ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងរដ្ឋបាលក្រុងកំពង់ឆ្នាំង រៀបចំយន្តការ សហការចិញ្ចឹមត្រីក្នុងបែរជាបន្តដោយមានទីតាំងសមរម្យ។
ការអនុវត្តផែនការណ៍បន្លាស់ទីផ្ទះបណ្តែតទឹក ដែលរៀបចំដោយគណៈបញ្ជាការឯកភាពខេត្តខាងលើនេះ ក្នុងករណីបុគ្គល ឬក្រុមបង្កសកម្មភាពផ្សេងៗ បង្កការរាំងស្ទះ ឬផលវិបាកដល់ផែនការ របស់អាជ្ញាធរខេត្តនោះ ស្នងការដ្ឋាននគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវចាត់វិធានការផ្លូវច្បាប់ និងស្របតាមនីតិវិធីប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងករណីជនអន្តោប្រវេសន៍មិនអនុវត្ត ឬទៅរស់នៅកន្លែងផ្សេងៗតាមទំនើងចិត្ត គណៈមេបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងពិចារណារ ដោយមិនផ្ដល់ឯកសារស្នាក់ នៅអចិន្ត្រៃយ៍ ឬស្នើទៅថ្នាក់លើ ដើម្បីបញ្ជូនជននោះទៅស្រុកកំណើតវិញ ស្របតាមគោលការណ៍ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា៕