(កំពង់ធំ)៖ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឱ្យបានស្រួលស្របតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់តាំងមន្ត្រីក្រោមឱវាទក្រសួងចុះជាបន្ទាន់ ដើម្បីត្រួតពិនិត្យផ្លូវគ្រប់ខេត្តទាំងអស់។
ជាក់ស្តែងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក បុង ប៊ុនហួន រដ្ឋលេខាធិកាក្រសួងសារធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកំពង់ធំ ព្រមទាំងប្រតិភូ អមដំណើរបានចុះពីនិត្យទៅលើផ្លូវខេត្ត និងផ្លូវជាតិដែលមាន៥ខ្សែ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកន្លងមក។
ក្នុងដំណើរការចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ទៅលើផ្លូវខូច លោក បុង ប៊ុនហួន បានលើកឡើងថា ដោយមើលឃើញអំពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ក្នុងការងារ ប្រកបរបររកស៊ីទទួលទានពិសេសសិស្សានុសិស្សធ្វើដំណើរទៅសាលារៀនទើបមន្ត្រីជំនាញក្រសួង និងមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ធំ អាជ្ញាធរ កងកម្លាំង បានចុះពិនិត្យ និងវាយតម្លៃផ្លូវខូចខាតដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមកនេះ ដើម្បីដាក់សំណើរទៅក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធពិចារណាជួយស្តារ និងជួសជុលផ្លូវខាងលើឡើងវិញ កុំឱ្យប្រជាពលរដ្ឋជួបការលំបាកយូរ។
លោក បុង ប៊ុនហួន បានអំពាវនាវក៏ដូចជាសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាសហការ និងចូលរួមទាំងអស់គ្នាកុំឱ្យដឹកលើសទម្ងន់ និងចាក់ដីខ្ពស់ជាងផ្លូវ។ ជាមួយគ្នានេះដែរ លោក ជូ កូល្លា ប្រធានសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ធំ បានឱ្យដឹងថា ផ្លូវខេត្ត និងផ្លូវជាតិ ក្នុងខេត្តកំពង់ធំ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងរួមមាន៖
* ខ្សែទី១៖ ផ្លូវខេត្ត២៦៤ B មានប្រវែង ៥៧,៥០០ម៉ែត្រ ជាប្រភេទដីល្បាយថ្ម ចាប់ពីឃុំកំពង់ថ្ម ដល់ឃុំក្រយា ស្រុកសន្ទុក រងការខូចខាត ៤,៥០០ម៉ែត្រ។
* ខ្សែទី២៖ ផ្លូវខេត្ត២៦៤ D មានប្រវែង ៧,៥០០ម៉ែត្រ ជាប្រភេទកៅស៊ូ DBST ចាប់ពីឃុំបន្ទាយស្ទោង ស្រុកស្ទោង រងការខូចខាត ៣,៦០០ម៉េត្រ។
* ខ្សែទី៣៖ ផ្លូវជាតិ៥០C មានប្រវែង១៩,០០០ម៉ែត្រ ជាប្រភេទដីល្បាយថ្ម ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន រងការខូចខាត ១១,០០០ម៉ែត្រ។
* ខ្សែទី៤៖ ផ្លូវជាតិលេខ ៦ចាស់ មានប្រវែង ៥,០០០ម៉ែត្រ ជាប្រភេទកៅស៊ូ AC ក្នុងឃុំទ្រា ស្រុកស្ទោង រងការខូចខាត ១,៦០០ម៉ែត្រ។
* ខ្សែទី៥៖ ផ្លូវជាតិលេខ៦ មានប្រវែង ១៤,៤០៥០ម៉ែត្រ ជាប្រភេទកៅស៊ូ AC រងការខូចខាត ៤,៥០០ម៉ែត្រ ក្នុងស្រុកស្ទោង៕