អំណោយរបស់កាកបាទក្រហមកម្ពុជា ត្រូវបានបន្តនាំយកទៅចែកជូនពលរដ្ឋ១០០គ្រួសារ រងគ្រោះដោយទឹកជំនន់ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
03-11-2020 16:20
(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្របន្ថែមដោយគ្រោះជំនន់ទឹកភ្លៀងចំនួន១០០គ្រួសារទៀត នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទទួលអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ពិធីចែកអំណោយនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅបរិវេណវត្តជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ, លោកស្រី ឈុន ស៊ុននី អភិបាលរងខណ្ឌ, លោកស្រី អ៊ឹម ថាវី ប្រធានគណៈកម្មាកាធិការសាខាកាកបាទក្រហមកម្ពុជា, លោក យិន គា នាយករដ្ឋបាលខណ្ឌ, លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី២ ៣ព្រមទាំងមន្រ្តីខណ្ឌសង្កាត់ភូមិ និងសមត្ថកិច្ចជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះលោក ហែម ដារិទ្ធិ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិតិព្រឹទ្ធបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលវេលា។
លោកបានបន្តថា សម្ដេចតែងតែបានណែនាំឲ្យសមាជិកសមាជិកា ប្រចាំមណ្ឌលនីមួយៗចុះជាប្រចាំតាមមូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខពីបញ្ហាប្រឈម និងពីតម្រូវការជាក់ស្តែង ចាត់វិធានការដោះស្រាយឲ្យបានសមស្រប និងជាបន្ទាន់។ អំណោយដែលចែកជូនប្រជាពលរដ្ឋ ទាំង១០០គ្រួសារនាឱកាសនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ និងថវិកា ៥ម៉ឺនរៀលផងដែរ៕