(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក កែវ វណ្ណៈ ទីប្រឹក្សាសម្តេចមហាពញាចក្រី ហេង សំរិន និងជាប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងលោក ផល ពន្លឺ អនុប្រធានមន្ទីរ បាននាំយកសម្ភារបរិក្ខារសុខាភិបាលយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅចែកផ្តល់ជូនដល់មន្ទីរបង្អែក និងប៉ុស្តិ៍មណ្ឌលសុខភាពជុំវិញខេត្តត្បូងឃ្មុំ ដែលជាសម្ភារៈបំពេញបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដើម្បីជួយជំរុញលើការពិនិត្យព្យាបាលជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ។
បើតាមលោក ផល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សម្ភារបរិក្ខារទាំងនេះ មានសរុប១២ឃីត ស្មើនឹង៤៩មុខ ដែលសរុបជាទឹកប្រាក់ប្រមាណជិត៤០០លានរៀល ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនតាមរយៈក្រសួងសុខាភិបាល ដោយចែកជូនទៅមណ្ឌលសុខភាពទាំង៧១ មន្ទីរពេទ្យបង្អែក និងការិយាល័យស្រុកក្រុងទាំង០៧ ហើយជាសម្ភារដែលមិនមានក្នុងផែនការប្រចាំឆ្នាំទេគឺជាសម្ភារៈបំពេញបន្ថែម។
នាឱកាសនោះលោក កែវ វណ្ណៈ បានឲ្យដឹងថា សំភារៈបរិក្ខាដែលបាននាំយកចែកពេលនេះ គឺជាការផ្តល់ជូនបំពេញបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍វៃឆ្លាត របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកគម្រោងសម្ភារផ្ដល់ចែកជូនដល់មូលដ្ឋានសុខាភិបាលនៅក្នុងទូទាំងប្រទេសកម្ពុជា ជាពិសេសនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ តាមរយៈក្រសួងស្ថាប័នសុខាភិបាល ធ្វើយ៉ាងណាឲ្យការបំរើសេវាវិស័យសុខាភិបាលនៅកម្ពុជាបានកាន់តែល្អ ទទួលបានទំនុកចិត្តពីពលរដ្ឋ ពិសេសបំពេញឲ្យបានកាន់តែប្រសើរ នាអំឡុងការរាតត្បាតជំងឺកូវីដ១៩។
បន្ទាប់ពីទទួលបានសម្ភារអស់ទាំងនេះហើយ លោក កែវ វណ្ណៈ បានណែនាំដល់ការិយាល័យស្រុកប្រតិបត្តិមន្ទីរពេទ្យបង្អែក ប៉ុស្តិ៍មណ្ឌលសុខភាពទាំងអស់ ត្រូវប្រើប្រាស់ទុកដាក់ឲ្យបានល្អ បម្រើផលប្រយោជន៍សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់៕