(កំពង់ឆ្នាំង)៖ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូក្រសួង មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងវាយតម្លៃផ្លូវជនបទ៨ខ្សែ នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីស្តារ និងជួសជុលឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយសំរួលដល់ការលំបាកក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ឋ។
លោក ហ៊ូត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ដោយមើលឃើញអំពីការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមក ក្នុងការប្រកបរបររកស៊ីទទួលទាន ពិសេសសិស្សានុសិស្សធ្វើដំណើរ ទៅសាលារៀន ទើបមន្ត្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទអាជ្ញាធរស្រុកឃុំដែលរងផលប៉ះពាល់ បានចុះពិនិត្យ និងវាយតម្លៃផ្លូវខូចខាតដោយសារ ជំនន់ទឹកភ្លៀង នាពេលកន្លងមកនេះ ដើម្បីដាក់សំណើរទៅក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធពិចារណា ជួយស្តារ និងជួសជុលផ្លូវជនបទទាំង៨ខ្សែខាង លើនេះឡើងវិញ កុំឲ្យប្រជាពលរដ្ឋ ជួបការលំបាកក្នុងការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនកសិផល។ ម្យ៉ាងដើម្បីអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា «ពេលទឹកជន់ឡើងឲ្យមើល ពលរដ្ឋ ពេលទឹកស្រកឲ្យមើលផ្លូវ»។
អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានបន្តថា ផ្លូវទាំង៨ខ្សែនេះ ខូចខាតមានប្រវែងជាង៣១គីឡូម៉ែត្រ ក្នុងនោះកំណាត់ផ្លូវទឹកហូរច្រោះជើងទេរ ឬតួរផ្លូវមានប្រវែងជាង២៣គីឡូម៉ែត្រ ហើយក្រុមការងារនឹងធ្វើការស្នើសុំទៅក្រសួងជំនាញនិងស្ថាប័ន ពាក់ព័ន្ធ ដើម្បីជួយពន្លឿនការស្តា និងជួលជុលផ្លូវជនបទទាំងនោះក្នុងពេលឆាប់ៗ ជូនពលរដ្ឋធ្វើដំណើរបានស្រួលដូចដើមវិញ។
សូមជម្រាបថា កន្លងទៅថ្មីៗនេះ ជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ឆ្នាំងមានស្រុកចំនួន៣ គឺស្រុករលាប្អៀរ ស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ត្រូវបានជំនន់ទឹកភ្លៀងជន់លិច បណ្តាលឲ្យលិចដីស្រែ និងផ្លូវលំជនបទមួយចំនួន ដែលគិតមកដល់ថ្ងៃនេះ ស្ថានភាពបានត្រឡប់មកធម្មតាវិញហើយ។
ដោយឡែក ផ្លូវជនបទចំនួន៨ខ្សែ បានរងការខូចខាតចំនួន៣១ គីឡូម៉ែត្រ បើតាមមន្ត្រីជំនាញថា មូលហេតុភាគច្រើនដោយសារគ្មានប្រព័ន្ធរំដោះទឹក ពលរដ្ឋចាក់ដីក្នុងភូមិឋានរបស់ពួកគាត់ខ្ពស់ៗ ធ្វើឱ្យទឹកហូរមកលើផ្លូវបណ្ដាលឲ្យច្រោះ ទើបមានការខូចខាតបែបនេះ៕