(ភ្នំពេញ)៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោករដ្ឋមន្ដ្រី វេង សាខុន បានទទួលជួបលោក Peter Szijjarto រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។
ក្រោយពីរដ្ឋមន្រ្តី បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូរួចមក លោក Peter Szijjarto បានជម្រាបជូនរដ្ឋមន្រ្តី វេង សាខុន អំពីគោលបំណង នៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរនាពេលអនាគត។
លោក Peter Szijjarto បានបន្តថា វិស័យកសិកម្មហុងគ្រី បាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចប្រមាណជា៨% នៃ GDP។ ការប្រើប្រាស់ បច្ចេកវិទ្យាដាំដុះ ការកែឆ្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកំពុងទទួលបានជោគជ័យជាខ្លាំងនៅក្នុងប្រទេសហុងគ្រី។
ចំពោះជំនួបដ៏មានសារសំខាន់នាពេលនេះ លោកបានជម្រាបជូនថា កម្ពុជាមានវិស័យចំនួន៣សំខាន់ សម្រាប់ហុងគ្រីធ្វើការវិនិយោគនៅពេលអនាគតគឺ ទី១៖ផលិតកម្មទឹកដោះ និងការកែច្នៃសាច់, ទី២៖ វារីវប្បកម្ម, ទី៣៖ការដាំដំណាំ និងសុវត្ថិភាពចំណីអាហារ និងទី៤៖ការប្រើប្រាស់ និងការគ្រប់គ្រងទឹក។ ដោយឡែក ការផ្តល់ឥណទានដល់ការអភិវឌ្ឍវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សរយ:ពេលខ្លី និងវែង គឺជាអាទិភាពក្នុងដំណើរទស្សនកិច្ច នេះផងដែរ។
ត្រង់ចំណុះនេះ លោកបានជម្រាបជូនថា កន្លងមកហុងគ្រី បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឲ្យទៅបន្តការសិក្សា ចំនួន១៥នាក់រៀងរាល់ឆ្នាំ ហើយរដ្ឋាភិបាលហុងគ្រី កំពុងពិចារណាថា នឹងបង្កើនចំនួនអាហារូបករណ៍នេះនៅឆ្នាំបន្ទាប់ ពិសេសលើវិស័យកសិកម្ម។
ទន្ទឹមនឹងនេះ លោក Peter Szijjarto បានស្នើសុំឲ្យរដ្ឋមន្រ្តី វេង សាខុន បញ្ជូននិស្សិតឲ្យទៅបន្តការសិក្សា នៅហុងគ្រីនៅតាមជំនាញឲ្យបានច្រើន ដែលជាឱកាសសម្រាប់ការបង្កើនទំនាក់ទំនង រវាងប្រជាជន និងប្រជាជន និស្សិត និងនិស្សិតឲ្យកាន់តែស្អិតរមួត និងរឹងមាំ ដែលនាំឲ្យទាំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងបានកាន់តែរឹងមាំ។
មានមតិស្វាគមន៍ រដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Peter Szijjarto និងសហការី ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅកម្ពុជា និងជាពិសេសបានអញ្ជើញមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផ្ទាល់ ដើម្បីធ្វើការពិភាក្សាទ្វេភាគី ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពល នៃវិស័យកសិកម្មកម្ពុជា សម្រាប់ធ្វើការអភិវឌ្ឍន៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៩-២០២៣ និងបរិយាកាសនៃការវិនិយោគលើវិស័យកសិកម្មនាពេលបច្ចុប្បន្ន។
លោក វេង សាខុន បានរំលេចជូនភ្ញៀវអំពីសក្តានុពលវិនិយោគលើផលិតកម្មដំណាំ សម្រាប់ធ្វើការនាំចេញមានដូចជាដំណាំស្រូវ ស្វាយ ដំឡូងមី ស្វាយចន្ទី ថ្នាំជក់ និងផលិតកម្មវារីវប្បកម្មផងដែរ។ ជាក់ស្តែង ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំអង្គរចេញទៅប្រទេសហុងគ្រីបានចំនួន ១,៨៣៩តោន និងថ្នាំជក់បាន ១១៨តោន។
ក៏ពិតថាតួលេខនេះ នៅមានកម្រិតទាប ប៉ុន្តែលោករដ្ឋមន្ត្រី បានសម្តែងនូវសុទិដ្ឋិនិយមថា តាមរយៈលោក Peter Szijjarto ក្នុងដំណើរទស្សនកិច្ចនេះ និងជាពិសេសកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ដែលភាគីទាំងពីរនឹងត្រូវចុះ ហត្ថលេខានៅរសៀលថ្ងៃនេះ នឹងនាំមកនូវការអភិវឌ្ឍ ជាផ្លែផ្កាទ្វេឡើង លើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មនាពេលអនាគត ហើយភាគីកម្ពុជា នឹងរង់ចាំអនុវត្តខ្លឹមសារ MOU នេះឲ្យមាន ប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជា។
ចំពោះអាហារូបករណ៍ លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា នេះជាឱកាសដ៏ល្អសម្រាប់និស្សិតខ្មែរ ទៅបន្តការសិក្សានៅហុងគ្រី ដើម្បីបង្កើនសមត្ថភាព និងបទពិសោធន៍លើវិស័យកសិកម្ម ដែលត្រូវនាំមកនូវបច្ចេកវិទ្យាទំនើប ថ្មីៗដែលទទួលបានពីហុងគ្រីជូនដល់ ដៃអ្នកផលិតផ្ទាល់ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា នាពេលអនាគត។
លោករដ្ឋមន្រ្តី បានស្នើសុំឲ្យភាគីហុងគ្រីជួយពិនិត្យ និងជំរុញគម្រោងសំខាន់ៗ ទាំង៤ខាងលើឲ្យចាប់ដំណើរការ ក្នុងពេលឆាប់ៗខាងមុខ ហើយគួរត្រូវរៀបចំបង្កើត ក្រុមការងារជំនាញដើម្បីពិនិត្យ វាយតម្លៃ និងអនុវត្តបន្ទាប់ពីចុះហត្ថលេខា នៅរសៀលថ្ងៃនេះរួច។ ជាការឆ្លើយតប លោក Peter Szijjarto បានឯកភាពថា នឹងជំរុញការងារនេះឲ្យបានលឿន និងរលូនស្របសតាមសភាពការជាក់ស្តែង។
សូមជម្រាបថា នៅវេលាម៉ោង០៤៖០០រសៀល ថ្ងៃទី០៣ ខែវិច្ឆិកានេះ នៅវិមានសន្តិភាព នឹងមានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគជល់គ្នារវាងសាធារណរដ្ឋហុងគ្រី និងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហុន សែន នាយករដ្ឋមន្រ្តី។
ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឯកសារអនុស្សរណៈ នៃការយោគយល់គ្នាមួយ ដែលត្រូវចុះហត្ថលេខាដោយលោករដ្ឋមន្រ្តី វេង សាខុន។
ខ្លឹមសារសំខាន់ៗ នៃឯកសារនេះ គឺបានរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការលើ៖
*ទី១៖ ផលិតកម្មដំណាំ និងការអភិវឌ្ឍពូជដំណាំ
*ទី២៖ សុខភាពសត្វ និងផលិតកម្មសត្វ
*ទី៣៖ វិស័យជលផល និងវារីវប្បកម្ម
*ទី៤៖ ការជំរុញការធ្វើកសិ-ពាណិជ្ជកម្ម
*ទី៥៖ កិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ អនាម័យ និងភូតគាមអនាម័យ(SPS)
*ទី៦៖ ការការពារព្រៃ និងដាំឈើឡើងវិញ
*ទី៧៖ ការកែច្នៃផលិតផលកសិកម្ម និងទីផ្សារ
*ទី៨៖ ការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យកសិកម្ម
*ទី៩៖ បច្ចេកវិទ្យាកសិកម្ម ការស្រាវជ្រាវ និងការអភិវឌ្ឍ
*ទី១០៖ ការផ្លាស់ប្តូរជំនាញ ចំណេះដឹង និងបទពិសោធន៍
*ទី១១៖ ជំរុញធ្វើឲ្យប្រសើរឡើងលើភាពជាដៃគូនៃការធ្វើកសិ-ពាណិជ្ជកម្ម៕