(ភ្នំពេញ)៖ រដ្ឋាភិបាលហុងគ្រី បានប្រកាសថា ខ្លួនសម្រេចបង្កើនការផ្តល់អាហាររូបករណ៍ទ្វេដង ដល់និស្សិតកម្ពុជា ដើម្បីទៅសិក្សាតាមសាកលវិទ្យាល័យនានា នៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុបមួយនេះ។
ជំហរនេះបានបង្ហាញឡើងតាមរយៈ លោក ភីធើ ស៉ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ក្នុងឱកាសធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា ស្តីពីលទ្ធផលជំនួបជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ជំនួបរវាងប្រមុខការទូត នៃប្រទេសទាំង២ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស។
លោក ភីធើ ស៉ីចាតូ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងជឿជាក់លើទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ដូចនេះហើយ ទើបយើងយល់ព្រមបង្កើនចំនួនអាហារូបករណ៍ ទ្វេដងជូននិស្សិតកម្ពុជា ដើម្បីទៅសិក្សាបន្តនៅសាកលវិទ្យាល័យនានា នៅក្នុងប្រទេសហុងគ្រី។ យើងនឹងបង្កើនចំនួនពី ១៥ ទៅដល់ ៣០អាហារូបករណ៍ក្នុងមួយឆ្នាំ»។
លោក ភីធើ ស៉ីចាតូ បានបង្ហាញនូវការគោរពពីសំណាក់ប្រទេសហុងគ្រី ជូនចំពោះកម្ពុជានៅក្នុងខួបលើកទី ៦៧ នៃបុណ្យឯករាជ្យជាតិ។ លោកថ្លែងថា ប្រទេសទាំង២ ជាប្រជាជាតិដែលស្រឡាញ់សេរីភាព ដូច្នេះហើយហុងគ្រីយល់ច្បាស់អំពីសារៈសំខាន់ នៃខួបឯករាជ្យជាតិរបស់កម្ពុជា។
លោក ភីធើ ស៉ីចាតូ បានសម្តែងសេចក្តីរីករាយ ដែលបានបើកការិយាល័យស្ថានទូតហុងគ្រី ប្រចាំរាជធានីភ្នំពេញឡើងវិញ ក្រោយរដ្ឋាភិបាលហុងគ្រីបានសម្រេចចិត្ត បិទស្ថានទូតកាលពី ២៥ឆ្នាំមុន។ លោកជឿជាក់ថា ការបើកតំណាងកុងស៊ុលឡើងវិញនេះ នឹងផ្តល់កម្លាំងជំរុញថ្មីដល់ទំនាក់ទំនងរវាងប្រទេសទាំង២។
រដ្ឋាភិបាលហុងគ្រីបាននឹងកំពុងអនុវត្តគោលនយោបាយមួយ ដែលភ្ជាប់សារៈសំខាន់យ៉ាងខ្លាំង ដល់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង២ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ដែលជាតំបន់មួយដែលកំពុងមានការរីកចម្រើន គួរឲ្យកត់សម្គាល់នៅក្នុងពិភពលោក។
លោក ភីធើ ស៉ីចាតូ បានសម្តែងក្តីរីករាយចំពោះទំនាក់ទំនងកម្ពុជា-ហុងគ្រី ដោយតែងតែផ្អែកលើការគោរពគ្នាទៅវិញទៅមក ហើយភាគីទាំង២ នឹងបន្តធ្វើបែបនេះតទៅទៀត។ ហុងគ្រី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាស្ពាននៃកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ព្រោះហុងគ្រីជឿថានយោបាយមិនគួរលាយឡំ ជាមួយនឹងតថភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មឡើយ៕