(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៉ី និបក្ខពួកជាច្រើននាក់ទៀត ដែលគេដឹងថាកំពុងរត់គេចខ្លួនទៅក្រៅប្រទេសនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះដើម្បីចូលរួមក្នុងសវនាការ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ដើម្បីជំនុំជម្រះទោសលើសំណុំរឿង «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ២០១៩។
ដីការបស់តុលាការ ត្រូវបានលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនសន្តិសុខ ដឹកនាំមន្ដ្រីពាក់ព័ន្ធជាច្រើនទៀត យកទៅបិទប្រកាសជាសាធារណៈ នៅអតីតស្នាក់ការរបស់អតីតគណបក្សសង្គ្រោះជាតិ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ខ្លឹមសារដីការរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានដាក់រឿងជំនុំជម្រះរួច សម្រេចឲ្យឈ្មោះ សម រង្ស៊ី ភេទប្រុស អាយុ៦៩ឆ្នាំ កើតថ្ងៃទី១០ ខែមិនា ឆ្នាំ១៩៥៩ សញ្ជាតិខ្មែរ កាន់លិខិតឆ្លងដែនលេខ D0002190 ទីកន្លែងកំណើត សង្កាត់លេខ២ ក្រុងភ្នំពេញ អាស័យដ្ឋានផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឲ្យចូលមកកាន់ សាលាដំបូងរាជធានីភ្នំពេញ (ជាន់ទី១ សាលសវនាការទី១) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨៖៣០នាទីព្រឹក ជាកំហិត ដើម្បីចូលរួមសវនាការ។
ដីកាដែលបិទប្រកាសនេះផងដែរ ក្រៅពី សម រង្ស៊ី នៅមានជនត្រូវចោទសរុប១៤នាក់ផ្សេងទៀត លើសំណើរឿង «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រិត្តបទល្មើសជាអាទិ៍» នេះ ត្រូវបានតុលាការបង្គាប់ឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញដូចគ្នា ជាកំហិត ដើម្បីដោះសារពីការចោទប្រកាន់នេះ។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានប្រាប់ភ្នាក់ងារ Fresh News បន្ថែមថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងចុះបិទដីកាកោះចូលសវនាការ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លើសំណុំរឿង «រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ដីកាកោះចូលសវនាការមានចំនួន១៤នាក់ និង៤៧នាក់ទៀត នឹងបញ្ជូនទៅដល់ដៃ ឬដល់គេហដ្ឋានផ្ទាល់។
ក្នុងនោះមានតាមបណ្ដាខេត្តចំនួន៨ ដូចជាខេត្តកណ្ដាល, កំពង់ចាម, ព្រះសីហនុ, បាត់ដំបង, ព្រៃវែង, បន្ទាយមានជ័យ, តាកែវ និងខេត្តកំពង់ស្ពឺ ហើយមានអ្នកខ្លះកំពុងតែរស់នៅប្រទេសថៃ, ប្រទេសកាណាដា, សហរដ្ឋអាមេរិក, កូរ៉េ និងជប៉ុន ដែលសមត្ថកិច្ចជំនាញ នឹងធ្វើការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន ចាត់ទុកជាការផ្សព្វផ្សាយ ជូនដំណឹងដល់សាម៉ីខ្លួន។
សូមបញ្ជាក់ថា សវនាការបទល្មើសឧក្រិដ្ឋ លើបទចោទ «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» នេះដែរ គឺមានលោក សេង ហៀង ជាតំណាងអយ្យការ ចំណែកក្រុមប្រឹក្សាជំនុំជម្រះមានលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ, លោក កើត សាំង និងលោក អ៊ឹម វណ្ណ: ជាចៅក្រមប្រឹក្សា៕