(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាលើកទី១០ ដោយមានការចូលរួមពីតំណាងនៃក្រសួង ស្ថាប័ន ចំនួន១៤ ដែលជាសមាជិកនៃ គ.ក.ប. និងលេខាធិការដ្ឋាន គ.ក.ប.។
ជាកិច្ចចាប់ផ្តើម លោក ប៉ាន សូរស័ក្ដិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងល្អប្រសើរពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក នៃ គ.ក.ប. ក្នុងសកម្មភាពពង្រឹងនិងលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាក្នុងពេលកន្លងមក។
រដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេច បាននូវលទ្ធផលសំខាន់ៗយ៉ាងច្រើន ក្នុងឆ្នាំ២០១៩ និង២០២០ រួមមាន៖
*ទី១៖ ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាពទាំងនៅកម្ពុជា និងបណ្តាប្រទេសសំខាន់ៗ
*ទី២៖ ការចូលជាសមាជិក នៃកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិ
*ទី៣៖ ការងារកសាងច្បាប់ និងបទប្បញ្ញត្តិ
*ទី៤៖ កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាធំៗ
*ទី៥៖ ការងារអនុវត្តគម្រោងក្រោមជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ
*ទី៦៖ ការងារលើកកម្ពស់ចំណេះដឹងសាធារណៈ និងការផ្សព្វផ្សាយច្បាប់
*ទី៧៖ ការបង្រ្កាបបទល្មើសកម្មសិទ្ធិបញ្ញា ដែលមានសរុបចំនួន២៨ករណី និងគិតជាទឹកប្រាក់ប្រមាណ ៥១២,៨០០ដុល្លារ ដែលទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកតម្កើងជីវភាពប្រជាជនកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសបន្ថែម។
លោក ប៉ាន សូរស័ក្ដិ ក៏បានស្នើសុំ និងលើកទឹកចិត្តឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តសហការ និងចូលរួមឲ្យបានសកម្មបន្ថែមទៀត ក្នុងការពង្រឹងប្រព័ន្ធ កម្មសិទ្ធិបញ្ញានៅកម្ពុជា និងជាពិសេសតាមរយៈការរៀបចំ និងអនុវត្តឲ្យមានប្រសិទ្ធភាពនូវផែនការការងារកម្មសិទ្ធិបញ្ញា៣ឆ្នាំ (២០២១-២០២៣) និងផែនការយុទ្ធសាស្រ្តជាតិ កម្មសិទ្ធិបញ្ញា ឆ្នាំ២០២១-២០២៦ផងដែរ សំដៅអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាជាតិ ឲ្យកាន់តែរឹងមាំ និងស្របតាមស្តង់ដារ កម្មសិទ្ធិបញ្ញាអន្តរជាតិ ដើម្បីកម្ពុជាអាចធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅបន្ថែមទៀត ទៅក្នុងប្រព័ន្ធពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល សំដៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕