(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ទាំងអស់ប្រែក្លាយអនុសាសន៍ ដែលកើតចេញពីសន្និបាតនេះ ទៅជាគំនិតផ្តួចផ្តើមគោលនយោបាយ ផែនការសកម្មភាព គម្រោង និងវិធានការជាក់ស្តែងនានា សំដៅធានាបាននូវ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះការរស់នៅដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។
ការបញ្ជាក់បែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបានរៀបចំបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន ភ្ញៀវកិតិ្តយសជាតិ អន្តរជាតិ ជាច្រើនរូបចូលរួម នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាទីស្តីការក្រសួងបរិស្ថាន។
រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ប្រែក្លាយអនុសាសន៍ ដែលកើតចេញពីសន្និបាតនេះ ទៅជាគំនិតផ្តួចផ្តើមគោលនយោបាយ ផែនការសកម្មភាព គម្រោង និងវិធានការជាក់ស្តែងនានា សំដៅធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ព្រមទាំងការអភិវឌ្ឍ និងការរស់នៅដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់»។
ក្នុងឱកាសនោះ លោក សាយ សំអាល់ បានលើកឡើងថា តាមរយៈសន្និបាតនេះ យើងទាំងអស់គ្នានឹងមានឱកាសពេញលេញ ក្នុងការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដែលជាកិច្ចការចម្បងរបស់យើងទាំងអស់គ្នា ក្នុងការចូលរួម និងរិះរកដំណោះស្រាយសមស្របចំពោះបញ្ហានានា ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់របស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបានធ្វើពលិកម្ម បូជាកម្លាំងកាយ និងកម្លាំងចិត្តដោយឥតរួញរាក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ។
ទន្ទឹមនឹងនេះ លោក សាយ សំអាល់ បានថ្លែងអំណរគុណដោយស្មោះចំពោះក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូទាំងអស់ ដែលបានផ្តល់កិច្ចសហការល្អ និងចូលរួមចំណែកក្នុងការសម្រេចបានសមិទ្ធផលការងារក្នុងបុព្វហេតុវិស័យបរិស្ថាន។
បើតាមលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានឱ្យដឹង សន្និបាតនេះ គឺជាវេទិកាប្រចាំឆ្នាំធំបំផុតរបស់ក្រសួងបរិស្ថាន សម្រាប់ធ្វើការពិនិត្យ និងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ ទស្សនាទាន មេរៀន បទពិសោធ និងគំនិតផ្តួចផ្តើមថ្មីៗ សម្រាប់ជាធាតុចូលក្នុងការរិះរកដំណោះស្រាយចំពោះបញ្ហា ប្រឈមនានាលើវិស័យបរិស្ថាន និងដាក់ចេញទិសដៅការងារឱ្យបានសមស្រប សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
គួរបញ្ជាក់ថា «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១» របស់ក្រសួងបរិស្ថាន ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានបទបង្ហាញ កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ជាច្រើន លម្អិតអំពីបញ្ហាប្រឈម មេរៀន បទពិសោធន៍ សំណូមពរ និងអនុសាសន៍ផ្សេងៗ របស់អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងអង្គភាពក្រោមឱវាទក្រសួងបរិស្ថាន៕