(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២០ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តក្រចេះ។
នៅក្នុងអង្គប្រជុំ អភិបាលខេត្តបានជំរុញអភិបាលក្រុង-ស្រុក និងឃុំសង្កាត់ ត្រូវពន្លឿនការចុះស្រង់ស្ថិតិពីផលប៉ះពាល់លើដំណាំកសិកម្ម ក្រោយទឹកជំនន់ស្រកចុះ និងបញ្ជីឈ្មោះអ្នករងគ្រោះ ដែលជាអ្នកទទួលបានពូជពីរាជរដ្ឋាភិបាល ឲ្យច្បាស់លាស់ជាក់លាក់ ដើម្បីឆ្លើយតប និងដោះស្រាយទៅនឹងបញ្ហាឲ្យបានទាន់ពេលវេលាបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ជៀសវាងភាពលម្អៀង និងផ្តល់មិនចំគោលដៅ។
លោកថា «រាជរដ្ឋបាភិបាល មិនទុកឲ្យនរណាម្នាក់ ស្លាប់ដោយអត់បាយនោះឡើយ ហើយប្រជាជនកម្ពុជាយើងភាគច្រើន គឺប្រកបរបរពាក់ផ្អែកទៅលើការធ្វើកសិកម្មស្រែចំការ ដូចនេះ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល មកប្រជាកសិករ គឺការផ្តល់នូវពូជដំណាំ (ស្រូវ) ដើម្បីឲ្យពួកគាត់មានលទ្ធភាពក្នុងការស្តារនូវទិន្នផលកសិកម្មរបស់ពួកគាត់វិញ ក្រោយពេល ទឹកជំនន់បានស្រកចុះ បើទោះបីជាខេត្តក្រចេះ មិនបានទទួលរងគ្រោះនូវទឹកជំនន់ធ្ងន់ធ្ងរដូចបណ្តាខេត្តដ៏ទៃក្តី»។
នៅក្នុងឱកាសនោះ លោកបានចាប់អារម្មណ៍លើបញ្ហាមួយចំនួនរួមមាន៖
* អនាម័យក្លិន នៅទីតាំអាជីវកម្មសត្វឃាតដ្ឋាន ដោយជំរុញឲ្យអភិបាលរងទទួលបន្ទុក ធ្វើការចុះពិនិត្យដល់ទីតាំងអាជីវកម្ម និងរៀបចំឲ្យមានបច្ចេកទេស និងសណ្តាប់ធ្នាប់អនាម័យក្លិន *បញ្ហាជំងឺកើតមកលើសត្វពាហនៈ (អ៊ុតក្តាម) មន្ទីរកសិកម្ម ត្រូវត្រៀម និងចុះពិនិត្យ ដើម្បីជាវិធានការសម្រាប់ដោះស្រាយ
* បញ្ហាគ្រប់គ្រងទឹក មិនត្រូវប្រើប្រាស់ផ្តេសផ្តាស់ខុសគោលដៅនោះទេ ហើយអាជ្ញាធរស្រុក-ឃុំ ត្រូវចុះសិក្សាពិនិត្យមុន នឹងជីកជាប្រព័ន្ធស្តុកស្រោចស្រព្វ និងណែនាំប្រជាពលរដ្ឋ ឬសហគមន៍ ឲ្យយល់ពីការប្រើប្រាស់ និងស្តុបទុក ហើយចំពោះបញ្ហាចរាចរណ៍ និងគ្រឿងញៀន។
លោកបានកោតសរសើរដល់សមត្ថកិច្ចទាំងអស់ ដែលបានចូលរួមសហការអនុវត្តន៍ច្បាប់ប្រកបដោយប្រសិទ្ធភាព និងសូមបន្តការពង្រឹង និងផ្សព្វផ្សាយដល់សាធារណជន ហើយប្រជាពលរដ្ឋ ក៏សូមឲ្យចូលរួមឲ្យបានផុលផុស ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងសាធារណផងដែរ៕