Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-ហុងគ្រី កំពុងត្រៀមរៀបចំព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រខ្មែរ យាងទៅកាន់ប្រទេសហុងគ្រី (Video inside)

03-11-2020 12:30

(ភ្នំពេញ)៖ កម្ពុជា-ហុងគ្រី កំពុងត្រៀមរៀបចំព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា យាងទៅកាន់ប្រទេសហុងគ្រី នាឆមាសទី២ នៃឆ្នាំ ២០២១ ឬនៅឆមាសទី១ នៃឆ្នាំ ២០២២ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ក្នុងសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ប្រាក់ សុខុន បានថ្លែងបែបនេះនៅចំពោះមុខ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ក្រោយប្រមុខការទូតនៃប្រទេសទាំងពីរប្រជុំពិភាក្សាអំពីការរឹតចំណងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា ព្រះរាជដំណើរខាងមុខនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ នៅឆ្នាំក្រោយផងដែរ។

ហុងគ្រី ជាប្រទេសតូចមួយនៅអឺរ៉ុប ដែលចេញមុខការពារកម្ពុជា ជំទាស់ចំពោះការព្រមានរបស់អឺរ៉ុប ដើម្បីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា កាលពីឆ្នាំមុន។ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីខែតុលា ឆ្នាំ២០១៩ អំឡុងបំពេញទស្សនកិច្ចនៅកម្ពុជា លោកប្រធានាធិបតីហុងគ្រី យ៉ាណូស អាឌ័រ បានប្រកាសជំទាស់ចំពោះគណៈកម្មការអឺរ៉ុប ដែលព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា ហើយលោកចង់ឱ្យអឺរ៉ុបបន្តផ្តល់ EBA ដោយពេញលេញចំពោះកម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបំពេញទស្សនកិច្ច នៅទីក្រុងប៊ុលដាប៉េស ប្រទេសហុងគ្រី ចំនួន២ដង ចំណែក លោក Janos Ader ប្រធានាធិបតីហុងគ្រី បានមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញកាលពីឆ្នាំមុន។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទាំងពីរនាក់ពិតជាមានសេចក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលបន្តរីកចម្រើន ដោយផ្អែកលើមូលដ្ឋានគតិយុត្តិដ៏រឹងមាំ»