(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានប្រកាសអំពីឈ្មោះ អ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់សរទ រដូវឆ្នាំ២០២០ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធផលដ៏លេចធ្លោ របស់បុគ្គលទាំងនេះ ក្នុងវិស័យផ្សេងៗ ទៀតនៅក្នុងសង្គម។
តាមរយៈ Facebook ផ្លូវការរបស់ស្ថានទូត បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះថា លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង ជាអតីតប្រធាន និងសាស្រ្តាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងទទួលគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» ជាការទទួលស្គាល់ការចូលរួមវិភាគទានរបស់ ក្នុងកិច្ចការជំរុញ នៃការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងកម្ពុជា។
ទាក់ទងនឹងស្ថានទូតជប៉ុន លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្រ្តីការទូតរបស់ស្ថានទូតជប៉ុន ដែលជាអ្នកជំនាញភាសាខ្មែរ តាមរយៈការផ្តល់ឲ្យស្នាក់នៅជាមួយក្រុមគ្រួសាររបស់លោក និងឱកាសផ្សេងទៀត ដើម្បីឲ្យមន្រ្តីទាំងនោះ មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងសង្គមកម្ពុជា។ ពិធីប្រគល់គ្រឿងឥស្សរិយយស នឹងរៀបចំឡើងនៅពេលខាងមុខ។
គួរជម្រាបថា ការផ្ដល់គ្រឿងឥស្សរិយយស របស់រដ្ឋាភិបាលជប៉ុន មកដល់មន្ដ្រីកម្ពុជា គឺធ្វើឡើងជារៀងរាល់ឆ្នាំ ដែលការផ្ដល់នេះធ្វើឡើងចំពោះមន្ដ្រី និងបុគ្គលណាដែលមានស្នាដៃ ក្នុងការចូលរួមវិភាគទានយ៉ាងសំខាន់ និងធំធេងបំផុត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងរឹតចំណងមិត្តភាព រវាងប្រទេសជប៉ុន និងកម្ពុជា៕