(ភ្នំពេញ)៖ បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា បានបញ្ចប់ការចែកអាវជម្រើសជាតិ ១០០អាវ ដោយឥតគិតថ្លៃដល់អ្នកគាំទ្រ កាលពីម្សិលមិញរួចមក នៅវេលាម៉ោង ៥ល្ងាចនេះ តារាបាល់ទាត់ឆ្នើមម្នាក់ទៀត គឺកីឡាករ ប្រាក់ មុន្នីឧត្តម នឹងចូលរួមចែកអាវជម្រើសជាតិដោយឥតគិតថ្លៃចំនួន ១០០បន្ថែមទៀត នៅស្ដង់លក់សម្ភារៈកីឡា FBT ក្នុងពិព័រណ៍ពាណិជ្ជកម្ម ថៃគុណភាពខ្ពស់ នៅកោះពេជ្រ។
គួរបញ្ជាក់ថា កាលពីម្សិលមិញមានអ្នកគាំទ្រយ៉ាងច្រើន បានរងចាំទទួលអាវពីកីឡាករជម្រើសជាតិ ចាន់ វឌ្ឍនាកា ប៉ុន្ដែដោយសារការចូលរួមលើសពីការគ្រោងទុក អ្នករៀបចំកម្មវិធីក៏ផ្ដល់សន្លឹកឆ្នោតម្នាក់មួយសន្លឹកដល់អ្នកចូលរួមទាំងអស់ ដើម្បីចាប់ឆ្នោតស្វែងរកអ្នកសំណាង ១០០នាក់ ដើម្បីទទួលបានអាវជម្រើសជាតិពីខ្សែប្រយុទ្ធនៃក្លឹបបឹងកេតអង្គររូបនេះតែម្ដង ។
ប៉ុន្ដែឱកាសដ៏ពិសេសនេះ នៅមិនទាន់អស់ឡើយ ចំពោះអ្នកចូលរួម ដែលមិនទាន់ទទួលបាន ឬអ្នកមិនទាន់បានចូលរួមក្ដី ព្រោះល្ងាចនេះ កីឡាករល្បីឈ្មោះ ប្រាក់ មុន្នីឧត្តម នឹងចូលរួមចែកអាវជម្រើសជាតិដោយឥតគិតថ្លៃ ១០០អាវបន្ថែមទៀតដល់អ្នកគាំទ្រ នៅស្ដង់ FBT នៃពិព័រណ៍ផលិតផលថៃខាងលើដដែល ដែលជាថ្ងៃចុងក្រោយ សម្រាប់ការលក់បញ្ចុះតម្លៃពី ៣០% ទៅ ៧០% ពីក្រុមហ៊ុនសម្ភារៈកីឡា FBT។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា នេះជាថ្ងៃបញ្ចប់នៃការលក់បញ្ចុះតម្លៃយ៉ាងពិសេសពី ៣០% ទៅ ៧០% ដែល NOCC និងក្រុមហ៊ុន FBT សហការរៀបចំឡើង ដើម្បីលើកស្ទួយវិស័យកីឡាជាតិ។ ដូច្នេះសម្រាប់ប្រជាពលរដ្ឋ ឬអ្នកគាំទ្រ ដែលមិនទទួលបានអាវពី ចាន់ វឌ្ឍនាកា ឬ ប្រាក់ មុន្នីឧត្តម សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងហួស ព្រោះព្រោះក្រោយថ្ងៃនេះ ក្រុមហ៊ុននឹងដាក់លក់ក្នុងតម្លៃធម្មតាវិញ។
លោកបានបន្ដថា FBT គឺជាក្រុមហ៊ុនឧបត្ថម្ភសម្ភារៈកីឡាដ៏ធំដល់ NOCC ដើម្បីផ្ដល់សម្លៀកបំពាក់ដល់អត្តពលិកជម្រើសជាតិកម្ពុជា ចូលរួមប្រកួតលើឆាកអន្ដរជាតិនាពេលកន្លងមក ។ លើសពីនេះ FBT ក៏ជាដៃគូឧបត្ថម្ភធំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្លឹបបាល់ទាត់ធំៗមួយចំនួននៃលីកកំពូលកម្ពុជា។ ដូច្នេះការរៀបចំពិធីតាំងពិព័រណ៍នេះ NOCC គ្មានគោលដៅចង់បានប្រាក់ចំណេញអ្វីទេ ក្រៅពីចង់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីគុណភាពនៃផលិតផល ម៉ាក FBT ដែលតែងតែចូលរួមលើកស្ទួយវិស័យកីឡាកម្ពុជាឲ្យរីកចម្រើន។
លោកបានបញ្ជាក់ទៀតថា ក្នុងឱកាសដ៏ពិសេសនេះ សម្រាប់សម្លៀកបំពាក់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវលក់បញ្ចុះតម្លៃពី ១៨ដុល្លារ សល់ត្រឹម ៨ដុល្លារប៉ុណ្ណោះក្នុងមួយឈុត ហើយគ្រប់សម្ភារៈលក់បញ្ចុះតម្លៃ គឺសុទ្ធតែជាផលិតផលរបស់ FBT ដែលមាន គុណភាពល្អដូចៗគ្នា។
នេះជាឱកាសដ៏ល្អ សម្រាប់អ្នកគាំទ្រកីឡាជាតិ ដែលនិយមប្រើប្រាស់សម្លៀកបំពាក់មានគុណភាពខ្ពស់ ដូចជា FBT ដើម្បីជាការរួមចំណែកលើកស្ទួយវិស័យកីឡាជាតិ ក៏ដូចជាផ្ដល់កម្លាំងចិត្តដល់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាផងដែរ៕