(ភ្នំពេញ)៖ ក្នុងសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងថា ហុងគ្រីដែលជាសមាជិកមួយរបស់អឺរ៉ុប គឺជាមិត្តដ៏ជិតស្និទ្ធមួយរបស់កម្ពុជា។

លោកប្រាក់ សុខុន បានថ្លែងបែបនេះ នៅចំពោះមុខ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ក្រោយប្រមុខការទូតនៃប្រទេសទាំងពីរប្រជុំពិភាក្សាអំពីការរឹតចំណងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាមួួយនឹងសារថ្លែងអំណរគុណ និងស្វាគមន៍ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់ លោក ភីធ័រ ហ្សីយាតូ នាខណៈពេលនៃការរីករាលដាលនៃជំងឺរាតត្បាត និងបញ្ហាប្រឈមយ៉ាងខ្លាំងខាងសេដ្ឋកិច្ច-សង្គមនេះ ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោក ក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរ។ ពិតណាស់កម្ពុជាក៏មានការប្តេជ្ញាចិត្តដូចគ្នានេះដែរ។

លោកឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ដូច្នេះថា៖ «ហុងគ្រីគឺជាមិត្តដ៏ជិតស្និទ្ធមួយរបស់កម្ពុជា។ ហុងគ្រីបានផ្តល់នូវជំនួយ និងការគាំទ្រមកដល់កម្ពុជា នៅពេលដែលប្រទេសយើងកំពុងត្រូវការជំនួយជាចាំបាច់ បន្ទាប់ពីងើបផុតពីភ្លើងសង្រ្គាមនៃរបបខ្មែរក្រហម។ ទ័ពមួកខៀវហុងគ្រីបានបញ្ជូនមកកម្ពុជាក្រោមឆត្រ័របស់អជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។ ជំហររបស់ហុងគ្រីលើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាឧទាហរណ៍មួយទៀត ដែលសរបញ្ជាក់អំពីមិត្តដែលយល់ពីស្ថានភាពរបស់កម្ពុជា ហើយក្លាហានក្នុងការគាំទ្រកម្ពុជាឱ្យទទួលបានយុត្តិធម៌ ដើម្បីឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព។ ចំពោះការខិតខំប្រឹងប្រែងទាំងអស់នេះ ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្រ្តី និងប្រទេសហុងគ្រី»

ហុងគ្រី ជាប្រទេសតូចមួយនៅអឺរ៉ុប ដែលចេញមុខការពារកម្ពុជា ជំទាស់ចំពោះការព្រមានរបស់អឺរ៉ុប ដើម្បីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា កាលពីឆ្នាំមុន។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបំពេញទស្សនកិច្ច នៅទីក្រុងប៊ុលដាប៉េស ចំនួន២ដង ចំណែក លោក Janos Ader ប្រធានាធិបតីហុងគ្រី បានមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញកាលពីឆ្នាំមុន។ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីខែតុលា ឆ្នាំ២០១៩ អំឡុងបំពេញទស្សនកិច្ចនៅកម្ពុជា លោកប្រធានាធិបតីហុងគ្រី យ៉ាណូស អាឌ័រ បានប្រកាសជំទាស់ចំពោះគណៈកម្មការអឺរ៉ុប ដែលព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា ហើយលោកចង់ឱ្យអឺរ៉ុបបន្តផ្តល់ EBA ដោយពេញលេញចំពោះកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទាំងពីរនាក់ពិតជាមានសេចក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលបន្តរីកចម្រើន ដោយផ្អែកលើមូលដ្ឋានគតិយុត្តិដ៏រឹងមាំ។ យើងខ្ញុំបានពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងនិងអនុស្សរណៈដែលបានចុះហត្ថលេខាក៏ដូចជាយន្តការនានាដែលបានឯកភាពគ្នាកន្លងមក ដែលក្នុងនោះរួមមានគណៈកម្មការសេដ្ឋកិច្ចចម្រុះ កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសកម្ពុជា-ហុងគ្រី និងឯកសារមួយចំនួនទៀត ដើម្បីជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យគ្រប់គ្រងទឹក កសិកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំ។ ប្រទេសយើងទាំងពីរតែងឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយយើងក៏តែងតែប្រកាន់យកជំហរក្នុងការពង្រឹងបន្ថែមនូវពហុភាគីនិយម ដោយគោរពអធិបតេយ្យរបស់រដ្ឋនីមួយៗ»

បើតាមប្រមុខការទូតកម្ពុជា, ពេលនេះ ភាគីទាំងពីរកំពុងត្រៀមរៀបចំព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាក្សត្រ នៅប្រទេសហុងគ្រីនាឆមាសទី២ នៃឆ្នាំ ២០២១ ឬនៅឆមាសទី១ នៃឆ្នាំ ២០២២ ដែលព្រះរាជដំណើរនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ នៅឆ្នាំក្រោយផងដែរ៕