(បាត់ដំបង)៖ ស្រ្តីម្នាក់បានសុំអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ ឲ្យជួយសើរើ និងពន្លឿននីតីវិធីនៅតុលាការខេត្តបាត់ដំបងលើសំណុំរឿងឆបោក រវាងអតីតប្តីឥតខាន់ស្លារបស់នាង ក្នុងរឿងដីធ្លី ដែលមានរយៈពេលជាង ៥ឆ្នាំមកហើយ នៅតែដោះស្រាយមិនចប់ ដោយនាងបានសង្ស័យថា អាចជាការត្រូវរ៉ូវគ្នាដោយសារតែដីក្នុងពេលនោះដីមានតម្លៃហាងឆេងខ្ពស់។

នាងថា រឿងនេះត្រូវបានអតីតប្តីឥតខាន់ស្លា បានលួងលោមមកសុំយកប្លង់ដីរបស់នាងទៅដាក់បញ្ចាំដោយមិនអស់ការប្រាក់ដើម្បីយកមកសាងសង់ផ្ទះបង្ហើយ។ ដោយសារតែនាងជាមនុស្សមិនចេះ អក្សរ និងមិនយល់អំពីផ្លូវច្បាប់ផង ក៏ធ្វើតាមគេទាំងអស់តាមគាត់ និងទទួលបញ្ចាំព្រមទាំងមន្រ្តីពាក់ព័ន្ធ អ្នកច្បាប់ ធ្វើតាមអតីតប្តីនាង ក្រោយមកក៏បែកការណ៍ទើបបានប្តឹងទៅសាលាដំបូងខេត្ត ហើយបានចូលឆ្លើយបំភ្លឺជាបន្តបន្ទាប់ តែភាគីម្ខាងទៀតគេមិនព្រមចូលមកដោះស្រាយនោះទេ។

ស្ត្រីឈ្មោះ សួន ស្រីនាត អាយុ៣៥ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបច្ចុប្បន្នជាបម្រើការងារជាអ្នករត់តុនៅហាងក្បែរច្រកទ្វារព្រំដែនព្រំ ខេត្តប៉ៃលិន បានមកជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរៀបរាប់ពីប្រវត្តិរឿងរ៉ាវទាំងនេះថា ដីដែលកំពុងតែមានបញ្ហានេះ នាងបានសន្សំលុយទិញ តាំងពីនាងនៅលីវមកម្ល៉េះ ពីលោក ប៉ុល ប៊ុណ្ណារ៉ា និងអ្នកស្រី អ៊ុ ផល្លារី កាលពីឆ្នាំ២០១៤ ក្នុងតម្លៃ២២,០០០ដុល្លារ ព្រមទាំងបានសាងសង់ផ្ទះអស់ប្រាក់ជាង៤ម៉ឺនដុល្លារបន្ថែម ទៀត ដោយមិនទាន់រួចរាល់ជាស្ថាពរនៅឡើយ។

ស្ត្រីរូបនេះបានរម្លឹកថា កាលធ្វើការជាអ្នករត់តុហាងមួយក្នុងក្រុងបាត់ដំបងត្រូវបានបុរសម្នាក់មានឈ្មោះ ខាន់ អាយុ៦៨ឆ្នាំ រស់នៅភូមិលោកតាស័ក្តិ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានមកសុំស្រលាញ់ ព្រមទាំងបានរួមរស់នៅជាមួយគ្នារហូតមានកូនស្រីម្នាក់ ជាចំណងដៃ ខណ:ខ្លួននាងមិនបានដឹងថា ពីដំបូងប្តីនាងមានប្រពន្ធរួចទៅហើយ។

នាងបានបន្តថា បន្ទាប់ពីមានការខ្វះខាតប្រាក់ដើម្បីបន្តការសាងសង់ផ្ទះ នាងក៏បានយកប្លង់ដីរបស់នាង យកទៅដាក់នៅគ្រឺះស្ថានហត្ថាកសិករខ្ចីប្រាក់ចំនួន ១៧,០០០ដុល្លារ ប៉ុន្តែក្រោយមកដោយសារតែដីនេះមានហាងឆេងដីឡើងថ្លៃ ស្រាប់តែអតីតប្តីរបស់នាង បានមកលួងលោមបញ្ឆោតនាងថា គេមានស្គាល់អ្នកនៅភ្នំពេញ ដោយដាក់មិនគិតការប្រាក់ទេ ហើ
យអាចដាក់ខ្ចីបានរហូតដល់១០ម៉ឺនដុល្លារ។

មិនយូរប៉ុន្មានគាត់ក៏នាំឈ្មោះ វិន មួយ ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ជនទី៣) មកនិយាយចរចាគ្នា ដោយព្រមឲ្យអតីតប្តីនាងកាន់លុយនាំនាងទៅលួសយកប្លង់ដី ពីហត្ថាកសិករមកវិញ ព្រមទាំងបានឡើងទៅភ្នំពេញ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ដោយប្តីរបស់នាងប្រាប់ថា ទៅធ្វើកិច្ចសន្យាបញ្ចាំប្លង់ រួចហើយស្អែកឡើងគេក៏នាំនាងមកបាត់ដំបងវិញ ដោយចូលទៅកាន់សុរិយោដីក្រុង។ ពេលនោះគាត់បានប្រាប់ថា ទៅផ្តិតមេដៃលើលិខិតផ្ទេរកម្មសិទ្ធិបណ្តោះអាសន្ន ដោយសារតែនាងមិនចេះអក្សរ ក៏ចេះតែផ្តិតតាម ទោះបីជានាងសុំឲ្យលោកប្រធាន សុរិយោដីក្រុង អានឲ្យស្តាប់ក៏គេមិនព្រមអានខ្លឹមសារឲ្យនាងស្តាប់ដែរ។

នៅទីបំផុតទើបនាងដឹងថា ប្លង់ដីរបស់នាងដែលមានក្បាលដីលេខ ០២០៣០៣០៤-០៣៨៣ ត្រូវបានប្តីរបស់នាងដាក់បញ្ចាំទៅឲ្យឈ្មោះ វិន មួយ ក្នុងតម្លៃ១០ម៉ឺនដុល្លារ តែធាតុពិតឈ្មោះ វិន មួយ មិនបានផ្តល់ឲ្យនាងដូចការនិយាយនោះឡើយ។ ទើបនាងឆាប់រកមេធាវី និងបានដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីទប់ស្កាត់នូវការឃុបឃិតគ្នាលក់ដីរបស់នាង។

រហូតមកទល់ពេលនេះ គឺមានរយៈពេលជាង៥ឆ្នាំហើយ ដែលលោកចៅក្រមមិនទាន់បានចាត់ការជម្រះក្តី ក្នុងរឿងនេះឲ្យចេញជាផ្លែផ្កា ព្រោះកាលពីមុនសំណុំរឿងនេះត្រូវបានលោកចៅក្រម ជាអ្នកកាន់ ប៉ុន្តែក្រោយពេលផ្លាស់ប្តូរចៅក្រមជាបន្តបន្ទាប់ ត្រូវបានធ្លាក់ទៅលើលោកចៅក្រមផ្សេងវិញម្តង ដោយគោលបំណងរបស់នាង ប្តឹងសុំឲ្យតុលាការចេញសាលក្រមសម្រេច សុំមោឃភាពលិខិតលក់ផ្តាច់ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ សុំចុងចម្លើយប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខៈខ០២០៣០៣០៤-០៣៨៣ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ មកវិញ និងសុំសងប្រាក់១៧,០០០ដុល្លារ។

ភ្នាក់ងារព័ត៌មាន Fresh News មិនទាន់សុំការបកស្រាយពីខាងមន្រ្តីតុលាការ និងបុរសដែលត្រូវស្រ្តីខាងលើបានអះអាងនោះទេ៕