(កំពង់ស្ពឺ-កំពង់ឆ្នាំង)៖ អ្នកគ្រូ ឡុង ណាលី ប្រធានមូលនិធិ ម៉ាស្ទ័រ ណាលី ហុងស៊ុយ និងជាអគ្គនាយិកាក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ហុងស៊ុយ និងលោកស្រី ស៉ិន ច័ន្ទលក្ខិណា ស៉ីវឈាន់ ព្រមទាំងក្រុមការងារ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ និងថវិកាមួយចំនួនទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងជិត៥០០គ្រួសារ ក្នុងទីតាំងចំនួន២ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ចើញចូលរួមពីអាជ្ញាធរដែនដីជុំវិញស្រុកខេត្តទាំង២។
អ្នកគ្រូ ឡុង ណាលី ប្រធានមូលនិធិម៉ាស្ទ័រណាលីហុងស៊ុយ និងជាអគ្គនាយិកាក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ហុងស៊ុយ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ជៀសវាងការកើតមាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ជាពិសេសគឺក្នុងរដូវចុះត្រជាក់ខ្លាំងនៅចុងខែខាងមុខ។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅ ឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។
លោក លន់ ចិន្តា អភិបាលរងស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់អ្នកគ្រូ ឡុង ណាលី ប្រធានមូលនិធិម៉ាស្ទ័រណាលីហុងស៊ុយ និងជាអគ្គនាយិកាក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ហុងស៊ុយ និងក្រុមការងារដែលតែងតែជួយដល់ប្រជាពលរដ្ឋក្នុងស្រុកថ្ពង ក៏ដូចជាខេត្តកំពង់ស្ពឺ ក្នុងការលើកស្ទួយជីវភាពគ្រួសារឱ្យមានភាពប្រសើរឡើង។
អំណោយដែលមូលនិធិ និងក្រុមហ៊ុនបានយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ក្នុងមួយគ្រួសាររួមមានទឹកបរិសុទ្ធ១កេស មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ អង្ករ១បេ ម៉ុង១ ភួយ ១ អាវរងា១ នឹងថវិកា៤ម៉ឺនរៀល៕