(រតនគិរី)៖ ប្រធានក្រុមហ៊ុនហេងតារា ថៃកែវិនិយោគផ្សារបានលុង ឧកញ៉ា សា លាង ត្រូវបានគេរាយការណ៍ថា បាននិងកំពុងអនុវត្តន៍បពានលើ ស.ជ.ណ របស់សាលាខេត្តរតនគិរី ក្នុងដើរប្រមូលភាស៊ីពីក្រុមអាជីវករ។ មន្រ្តីសាលាខេត្តរតនគិរី បានហៅទង្វើរបស់ឧកញ៉ា សា លាង គឺជាការប្រមាថមើលងាយដល់មន្រ្តីសាធារណៈ។
កាលពីថ្ងៃ២៩ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានចេញ ស.ជ.ណ មួយច្បាប់ស្តីពីការផ្អាកប្រមូលភាស៊ី កង់ ម៉ូតូ រថយន្ត និងការប្រមូលភាស៊ីក្រៅបរិវេណផ្សា បានលុង។ ក្នុង ស.ជ.ណ បានណែនាំឲ្យឧកញ៉ា សា លាង អនុវត្តន៍តាមគោលការណ៍ចំនួន៨ចំណុចរួមមាន៖
១. មិនត្រូវមានសកម្មភាពចុះប្រមូលភាស៊ី កង់ ម៉ូតូ រថយន្ត និងការប្រមូលភាស៊ីក្រៅបរិវេណផ្សារបានលុង នៅលើទីតាំងទំនាស់ដែលមានភាពមិនទាន់ច្បាស់លាស់ឡើយ ដោយត្រូវរង់ចាំគណៈកម្មការខេត្ត ចុះរៀបចំរបៀបរៀបរយក្រៅបរិវេណផ្សារបានលុង និងត្រូវរង់ចាំគណៈកម្មការអន្តរក្រសួង រួមជាមួយអាជ្ញាធរខេត្ត ធ្វើការប្រគល់ទទួលទីតាំងផ្សារបានលុងឲ្យបានច្បាស់លាស់ជាមុនសិន។
២. ការទារថ្លៃភាស៊ីគ្រប់ប្រភេទ ត្រូវអនុវត្តតាមតម្លៃ ដែលបានចែងក្នុងសៀវភៅបន្ទុក។
៣. ត្រូវបិទផ្សព្វផ្សាយតម្លៃភាស៊ី ដែលត្រូវប្រមូលលើក្តារខៀនព័ត៌មាននៅគ្រប់ផ្លូវ និងគ្រប់ច្រកចេញ-ចូល នៃបរិវេណទីតាំងវិនិយោគ និងអាជីវកម្មភាស៊ីរបស់ខ្លួន។
៤. ត្រូវទារថ្លៃភាស៊ី តែក្នុងផែនកំណត់ នៃការវិនិយោគរបស់ខ្លួន ទៅតាមគំរូប្លង់វិនិយោគ។
៥. ត្រូវបង់ប្រាក់ឲ្យបាន់ពេលវេលា និងតាមការកំណត់ ដូចបានចែងក្នុងសៀវភៅបន្ទុក។
៦. ភ្នាក់ងារប្រមូលភាស៊ី ត្រូវប្រើប្រាស់ឯកសណ្ឋានដោយមាន ស្លាកឈ្មោះលើហោប៉ៅអាវខាងឆ្វេង និងប័ណ្ណសម្គាល់ចេញ ដោយអាជ្ញាធរមានសមត្ថកិច្ច។
៧. ម្ចាស់វិនិយោគ ត្រូវធ្វើអនាម័យ ឲ្យបានស្អាតជាប្រចាំទាំងក្នុង និងក្រៅបរិវេណផ្សារ។
៨. អ្នកវិនិយោគត្រូវអនុវត្ត ឲ្យបានត្រឹមត្រូវនូវរាល់ខ្លឹមសារផ្សេងៗទៀត ដែលមានចែងនៅក្នុងកិច្ចសន្យា និងសៀវភៅបន្ទុក។
មន្រ្តីសាលាខេត្តរតនគិរី បានប្រាប់ Fresh News ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បើទោះបីសារាចរណ៍នេះ បានកំណត់ច្បាស់ លាស់ទៅហើយក្តី តែឧកញ៉ា សា លាង មិនបានគោរពតាមនោះឡើយ ពោលទុកសារាចរណ៍ណែនាំចុះហត្ថលេខាដោយអភិបាលខេត្ត ប្រៀបដូចកណ្តាស់អត់តម្លៃ។ ជារៀងរាល់ថ្ងៃ ឧកញ៉ា សា លាង នៅតែបន្តឲ្យបុគ្គលិករបស់ខ្លួន បន្តដើរយកភាស៊ីពីក្រុមអាជីវករ ដែលលក់ដូរនៅក្រៅផ្សារ។
មិនតែប៉ុណ្ណោះមិនបានយកចិត្តទុកដាក់លើការថែររក្សាអនាម័យក្នុងផ្សារឲ្យបានល្អនោះឡើយ គឺឲ្យបុគ្គលិករបស់ខ្លួនយកសំរាមទៅចាក់ចោលលើចំណតរថយន្ត នាំឲ្យប៉ះពាល់ដល់បរិស្ថាន និង អនាម័យកណ្តាលក្រុងបានលុងជាខ្លាំង។ ក្រៅពីនោះ ឧកញ៉ា រូបនេះ នៅបានដើរញុះញង់អាជីវករលក់ដូរនៅក្រៅបរិវេណផ្សារ មិនឲ្យថ្លៃភាស៊ីអនាម័យទៅឲ្យ «គីមជ្រា ធ្វើអនាម័យក្រុងបានលុង» អ្នកដឹកជញ្ជូនសំរាមថែមទៀតផងដែរ។
មន្រ្តីសាលាខេត្តរូបនេះ បានស្នើទៅដល់ថ្នាក់ដឹកនាំខេត្ត ឲ្យចាត់វិធានការម៉ឺងម៉ាត់ទៅលើទង្វើរបស់ឧកញ៉ា សា លាង ដែលកំពុងធ្វើទង្វើផ្គើននិងបទបញ្ជារបស់មន្រ្តីសាធារណៈ។ មន្រ្តី ក៏បានស្នើថ្នាក់ដឹកនាំខេត្ត ឲ្យដកហូតដីបរិវេណក្រៅផ្សារយកមកគ្រប់គ្រង ដើម្បីទុកជាប្រយោជន៍សាធារណៈផងដែរ កុំឲ្យលោកឧកញ៉ា សា លាង ដើរកេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនិងការចោទប្រកាន់របស់មន្រ្តីសាលាខេត្តខាងលើនេះ Fresh News មិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីភាគីឧកញ៉ា សា លាង បាននៅឡើយទេ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ៕