(លីស្បោន)៖ នាយករដ្ឋមន្រ្តីព័រទុយហ្កាល់លោក Antonio Costa នៅថ្ងៃចន្ទនេះ បានស្នើដល់ប្រធានាធិបតីនៃប្រទេសនេះ ឲ្យប្រកាសពីភាពអាសន្ននៅទូទាំងប្រទេស ដើម្បីជាវិធានការឆ្លើយតប និងទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ COVID-19 ខណៈដែលអត្រាអ្នកឆ្លងថ្មីៗនៅក្នុងប្រទេសបានហក់ឡើងយ៉ាងគួរឲ្យបារម្ភ។ នេះនបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី០២ ខែវិច្ឆកា ឆ្នាំ២០២០។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Costa បានលើកឡើងយ៉ាងដូច្នេះថា«នេះគឺជាពេលវេលាដ៏សំខាន់មួយ ហើយការប្រកាសអាសន្ន នឹងជួយពង្រឹងការយល់ដឹងរបស់ប្រជាជន អំពីភាពអាសន្នដែលយើងកំពុងជួបប្រទះ»។ លោកបានគូសបញ្ជាក់ទៀតថា វិធានការនេះទំនងជាមានរយៈពេលយូរជាង ១៥ថ្ងៃ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីព័រទុយហ្កាល់ គ្រោងនឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅក្នុងសុន្ទរកថាមួយ តាមទូរទស្សន៍ជាតិនៅល្ងាចថ្ងៃចន្ទ ទី០២ ខែវិច្ឆកានេះតែម្តង(ម៉ោងនៅព័រទុយហ្កាល់)។ ការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន នឹងជួយត្រួសត្រាយផ្លូវសម្រាប់វិធានការចាំបាច់នានា ដូចជាការរឹតត្បិតយ៉ាងតឹងរឹងលើចលនារបស់ប្រជាជន ការព្យួរសិទ្ធិធ្វើកូដកម្ម និងការរឹតបន្តឹងបន្ថែមទៀតលើការជួបជុំសាធារណៈជាដើម។
គួរជម្រាបថា ប្រទេសព័រទុយហ្កាល់ដែលមានប្រជាជនជាង ១០លាននាក់ បានកត់ត្រាករណីឆ្លងសរុបចំនួន ១៤៤,៣៤១ករណី ក្នុងនោះស្លាប់ ២,៥៤៤ នាក់ ដោយសារជំងឺ COVID-19។ បើប្រៀបធៀបនឹងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ ប្រទេសព័រទុយហ្កាល់នៅតែមានស្ថានភាពល្អប្រសើរជាងគេ ប៉ុន្តែករណីឆ្លងថ្មីប្រចាំថ្ងៃបានឡើងដល់ ៤,៦៥៦នាក់ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីមានការឆ្លងរាតត្បាតឆ្លងជំងឺដ៏កាចសាហាវនេះ៕