(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៉ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំក្រុមកាងារបច្ចេកទេសចុះពិនិត្យស្ថានភាពផ្លូវចំនួន៥ខ្សែ នៅស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរី ស្រុក អូរជ្រៅ ក្រុងសិរីសោភ័ណ ក្នុងចំណោមផ្លូវដែលបាននិងកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ។
លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ផ្លូវជនបទនៅទូទាំងខេត្តមានចំនួន ២០៦៧ខ្សែ មានប្រវែងសរុប២៩២៥គីឡូម៉ែត្រ។ ក្នុងចំនួនផ្លូវទាំងនេះ ទឹកជំនន់បានគ្រប់គ្រងនិងវាយប្រហារផ្លូវចំនួន៩១៨កន្លែង ស្មើនឹងប្រវែងប្រមាណ ៦៤៨គីឡូម៉ែត្រ។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បន្តថា ក្រសួងបានដាក់ផែនការយុទ្ធសាស្ត្រដល់មន្ទីររាជធានី-ខេត្តត្រូវតែពិនិត្យជួសជុលឡើងវិញក្រោយទឹកសម្រក។ ជាមួយគ្នានោះ ចំពោះផ្លូវដែលរងគ្រោះខ្លាំងមន្ទីរ ក៏ត្រូវធ្វើការតភ្ជាប់បន្ទាន់ឡើងវិញផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងក្រុមការងារមន្ទីរជំនាញ ក៏បានតភ្ជាប់ជូនពលរដ្ឋបានមួយចំនួនហើយដែរ។
លោក ជ្រុន ថេរ៉ាវ៉ាត បានថ្លែងចូលរួមការសោកស្តាយនិងរំលែកនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូននៅខេត្តបន្ទាយមានជ័យដែលបានរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាងគេ។ ក្នុងនោះបងប្អូនរាប់ម៉ឺនគ្រួសារ ត្រូវបង្ខំចិត្តមករស់នៅលើទីទួលសុវត្ថិភាពចោលផ្ទះសម្បែង។ លោកក៏បានបន្តថា ថ្វីត្បិតបងប្អូនរងគ្រោះដោយទឹកជំនន់ តែបងប្អូនទទួលបានការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីសំណាក់ទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដោយសារតែកត្តានេះហើយទើបប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានជំរុញលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវតែស្តារឡើងវិញនូវផ្លូវដែលរងការខូចខាតទាំងនោះ ដើម្បីតភ្ជាប់ការចរាចរណ៍ ដឹកទំនិញនិងកសិផលដែលបងប្អូនធ្វើបានមកកាន់ទីផ្សារ ឬអាជីវករអាចចុះទិញដល់មូលដ្ឋាន បើផ្លូវមិនអាចចរាចរបាននោះកសិផលនឹងមានតម្លៃថោកឬក៏គ្មានអ្នកទិញ។
ដើម្បីស្តារឡើងវិញនូវខ្លឹមសារ «មានផ្លូវ មានសង្ឃឹម» ក្រសួងអភិវឌ្ឍន៍ជនបទបានអនុវត្តយុទ្ធសាស្រ្ដ ពីរសំខាន់ៗ គឺ៖
ទី១៖ ចំពោះផ្លូវ ស្ពាន ដែលខូចធ្ងន់ធ្ងរ ឬដាច់ពុំអាចចរាចតណ៍បាន ត្រូវធ្វើការកែសម្រួលបន្ទាន់ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ
ទី២៖ ត្រូវធ្វើការសិក្សាលម្អិតដើម្បីធ្វើការជួសជុលឲ្យមានលក្ខណៈរឹងមាំ ប្រកបដោយគុណភាព៕