(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ សពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងទឹកវាលស្រែ ចំណុចខាងត្បូងស្ពានភ្នំតុប ហៅស្ពានរាគអាចម៍ ចម្ងាយ១៥០ម៉ែត្រ ខាងកើតផ្លូវជាតិលេខ៥៦A ប្រហែល១០ម៉ែត្រ ខាងជើងផ្លូវលំស្ថិត ក្នុងភូមិក្បាលស្ពានសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះមានពលរដ្ឋម្នាក់ឈ្មោះ អាង សួ ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅមើលស្រែនៅចំណុចខាងលើ។ ពេលនោះឃើញមែកឈើសង្កត់ដើមស្រូវ ក៏យកដៃទៅចាប់ទាញ ស្រាប់តែឃើញដៃសពជនរងគ្រោះផុសចេញមក ហើយក៏រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ទៅពិនិត្យមើល។

ក្រោយមកទៀតលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរឹតធ្ងន់ កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យយ៉ាងយកចិត្តទុកដាក់។ នៅលើខ្លួនសពមានស្នាមចាក់ដោយវត្ថុរឹងចុងស្រួច ត្រូវចុងដង្ហើម១កន្លែង ដើមកខាងស្តាំ១កន្លែង និងស្នាមឆូតលើផ្ទៃជាច្រើនកន្លែង។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងទៀតថា សពមិនស្គាល់អត្តសញ្ញាណគ្រាន់តែដឹងថាស្រី អាយុប្រមាណជាង៣០ឆ្នាំ ពាក់អាវយឺតពណ៌ក្រហមដៃវែង ខោពណ៌ជើងវែងកីឡា។ ក្នុងនោះសមត្ថកិច្ចនៅកន្លែងកើតហេតុបានរកឃើញវ៉ែនតានៅជាប់នឹងខ្លួន១ និងកូនកាំបិតចុងស្រួច។

បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ គឺជាករណីឃាតកម្មទុកជាមុន តែនៅមិនទាន់ដឹងថាជាករណីគំនំ ប្លន់យកទ្រព្យសម្បតិ្ត ឬជាករណីស្នេហាត្រីកោណនោះឡើយ។ នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវវែកមុខឃាតក ដែលសម្លាប់ស្ត្រីយ៉ាងឃោរឃៅនេះ យកមកផ្ដន្ទាទោសទៅតាមច្បាប់ឲ្យទាល់តែបាន។

ជាមួយគ្នានោះដែរ សមត្ថកិច្ចបានអំពាវនាវដល់បងប្អូនដែលបាត់សមាជិកគ្រួសារ ឬបងប្អូនដែលបានស្គាល់ស្ត្រីរងគ្រោះ សូមមេត្តាជួយផ្តល់ព័ត៌មានមកសមត្ថកិច្ចផងដែរ៕