(ស្ទឹងត្រែង)៖ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកក្រុមការងារ ចុះទៅសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ចំនួន ៤០២ គ្រួសារ មកពីឃុំ ចំនួន ០២ គឺ ឃុំចំការលើ និងឃុំ អន្លង់ភេ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់។
ពិធីចែកអំណោយ ត្រូវបានរៀបចំឡើងនៅ ក្នុងបរិវេណសាលាបឋមសិក្សាចំការលើ ក្រោមវត្តមាន លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ុម សារឿន អភិបាលខេត្ត រួមជាមួយក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្រ្តីរាជការខេត្ត និងមន្ត្រីសាលាស្រុកថាឡាបរិវ៉ាជាច្រើនរូប។
លោក ម៉ុម សារឿន បានលើកឡើងថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាពេលនេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ គិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬពណ៍សម្បុរអ្វីឡើយ។
លោកបន្តថា ក្រោយពីទទួលបានដំណឹងថា មានប្រជាពលរដ្ឋខេត្តស្ទឹងត្រែង រងគ្រោះដោយជំនន់ទឹកភ្លៀង សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាចំនួន ៥០,០០០ដុល្លារ ដល់គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយទឹកជំនន់ នៅក្នុងខេត្ត។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ុម សារឿន ក៏បានផ្តាំផ្ញើសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ ឡើងវិញ បន្ទាប់ពីទឹកបានស្រកចុះវិញ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល។
សូមបញ្ជាក់ផងដែរថា ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកស៉ីអ៉ីវ០១យួរ ត្រីខកំប៉ុង០១យួរ និងទឹកសុទ្ធ ០១កេស៕