(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញលទ្ធផលក្រោយបញ្ចប់កិច្ចប្រជុំរវាងលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងស្ថាប័នសិទ្ធិមនុស្សជាតិ និងវិស័យសិទ្ធិមនុស្សផ្សេងៗទៀត នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
កិច្ចប្រជុំបានផ្តោតលើកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក និង OHCHR ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការរៀបចំប្រព័ន្ធទិន្នន័យជាតិ តាមដានការអនុវត្តអនុសាសន៍របស់អង្គការសហប្រជាជាតិ និងស្ថានភាពសិទ្ធិមនុស្សក្នុងពេលទឹកជំនន់ ដូចខាងក្រោម៖
ទី១៖ ពាក់ព័ន្ធការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ក្រុមការងាររបស់ គ.ស.ម.ក បានបញ្ចប់សេចក្តីព្រាងដំបូង និងកំពុងធ្វើការពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយមានការចូលរួមគាំទ្រពី OHCHR និងអូស្រ្តាលីផងដែរ តាមរយៈអង្គការ Asia Pacific Forum - APF។
ទី២៖ ចំពោះការរៀបចំប្រព័ន្ធទិន្នន័យជាតិតាមដានការអនុវត្តអនុសាសន៍របស់អង្គការសហប្រជាជាតិវិញ ក្រុមការងាររបស់ គ.ស.ម.ក បានជួបជាមួយក្រុមការងារ OHCHR នៅភ្នំពេញ បាងកក និងហ្សឺណែវ តាមប្រព័ន្ធ Video conference នាដើមខែតុលាកន្លងទៅនេះ ដើម្បីពិនិត្យ និងពិភាក្សាគ្នាអំពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការរៀបចំប្រព័ន្ធទិន្ន័យនេះនៅកម្ពុជា។ ក្រុមការងារបានពិនិត្យ ឯកភាពគ្នានឹងពិភាក្សាបន្ថែមជាមួយ OHCHR នៅកម្ពុជា លើការរៀបចំកម្មវិធីបណ្តុះបណ្តាលសមត្ថភាពមន្រ្តីជំនាញរបស់ គ.ស.ម.ក និងអន្តរក្រសួង ពាក់ព័ន្ធដល់ការបង្កើត ការរៀបចំ និងគ្រប់គ្រងកម្មវិធីនេះជាមុនសិន រួចទើបសម្រេចថាត្រូវបង្កើត និងដាក់ឱ្យអនុវត្តនៅកម្ពុជាយ៉ាងដូចម្តេចតាមក្រោយ។
ទី៣៖ ក្នុងស្ថានភាពទឹកជំនន់ អ្វីដែលរដ្ឋាភិបាលគិតគូរជាចំបង គឺសិទ្ធិរស់រានមានជីវិត និងសិទ្ធិផ្នែកសេដ្ឋកិច្ចរបស់ពលរដ្ឋ ពោលគឺត្រូវជួយសង្រ្គោះជាបន្ទាន់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងជួយផ្តត់ផ្គង់ជីវភាព ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ទាំងក្នុង និងក្រោយពេលទឹកជំនន់។ គ.ស.ម.ក ក៏បានស្វាគមន៍ផងដែរ ប្រសិនបើ OHCHR អាចចូលរួមជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងពេលនេះ។
ក្រៅពីនេះ កិច្ចប្រជុំក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាបន្ថែមផងដែរ អំពីការវិវត្តន៍នៃស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជានាពេលថ្មីៗនេះ និងលទ្ធភាពនៃការបន្តអណត្តិរបស់ OHCHR នៅកម្ពុជា៕