(កំពង់ចាម)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បន្តចែកអំណោយ និងថ្នាំពេទ្យ ដើម្បីព្យាបាលជំងឺមួយចំនួន ជូនប្រជាពលរដ្ឋក្រីក្រប្រមាណ៧៩គ្រួសារ ដែលរស់នៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម គោលបំណងចង់ឃើញបងប្អូ នប្រជាពលរដ្ឋ ដែលកំពុងមានការខ្វះខាត នៅតំបន់ដាច់ស្រយ៉ាលមានសុខភាពល្អ បន្ទាប់ពីជំនន់ទឹកភ្លៀងបានថមថយមួយរយៈកាលចុងក្រោយនេះ។
ការប្រគល់អំណោយជាសម្ភារៈ និងថ្នាំពេទ្យជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមនេះ បានធ្វើឡើងនាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំដោយលោក ពាង ផារ័ត្ន លោក សាន វណ្ណេត វេជ្ជបណ្ឌិត ជឹម គឹមស្រួន វេជ្ជបណ្ឌិត លុយ សែន អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តំណាងលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សហការជាមួយសាខាសកម្មជន ក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកជើងព្រៃ និងអាជ្ញាធរមូលដ្ឋានស្រុកជើងព្រៃ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានពាំនាំការសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា, ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក្នុងមួយគ្រួសារៗទទួលបាន៖ ១៖ អង្ករ ស្មើ ២៥ គីឡូក្រាម, ២៖ មី១កេស ៥០កញ្ចប់, ៣៖ ទឹកត្រី ១យូរ ស្មើ ៦ដប, ៤៖ ទឹកស៊ីអ៊ីវ ១យូរ ស្មើ ៦ដប, ៥៖ ប៊ីចេង ១ថង់ សារ៉ុង, ៦៖ ភួយ១, ៧៖ គ្រាប់ពូជដំណាំ ៥មុខ, ៨៖ ជែលម្នាក់១ដប, ៩៖ ថវិកា ២ម៉ឺនរៀល, ១០៖ ផ្តល់ជូនថវិកាប្រជាការពារ និងប៉ូលីស សរុបថវិកាប្រមាណ ៣១,២២៣,៥០០រៀល (សាមសិបមួយលានម្ភៃពីរម៉ឺនបីពាន់ប្រាំរយរៀល)។
ក្រៅពីសម្ភារចំនួននោះ ប្រជាពលរដ្ឋក្រីក្រទាំង៧៩គ្រួសារ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ក៏ទទួលបានការចែកថ្នាំពេទ្យ និងពិនិត្យព្យាបាល, ជំងឺផ្តាសាយ, សន្លាក់ឆ្អឹង, ក្រពះ, ពោះវៀន, ជំងឺទូទៅ និងបានចែកថ្នាំ មុលទីវីតាម៉ីន, វីតាម៉ីនសេ ព្រមទាំងចែកអាល់កុល និងថ្នាំពេទ្យមួយចំនួនទៀត។
នាឱកាសនោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានផ្សព្វផ្សាយអប់រំណែនាំ អំពីវិធានការទប់ស្កាត់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការរស់នៅស្អាត ប្រកបដោយអនាម័យល្អ ដោយលាងសម្អាតដៃនឹងអាកុល ឬសាប៊ូ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលចាំបាច់ ហូបស្អាត គេងស្អាត វិធីបង្ការគ្រុនចាញ់, គ្រុនឈាម និងគ្រុនឈិកបូករួមនិងជំងឺផ្សេងៗទៀត។
លោក ពាង ផារ័ត្ន តំណាងលោក លេង ផាលី ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋកុំឲ្យមានការភ្លេចខ្លួនជាមួយហ្នឹង ជំងឺកូវីដ-១៩ ទោះបីជាកម្ពុជាកំពុងមានការថមថយហ្នឹងបញ្ហាជំនន់ទឹកភ្លៀងក្តី។
អនុប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រូបនេះក៏បានលើកទៀតថា «ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋរៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលលោកតែងខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រប់កាលទេសៈ»៕