(ព្រៃវែង)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល ការអប់រំ ការផ្សព្វផ្សាយព័ត៌មាន ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការបោះឆ្នោត» ជូនមន្រ្តីរាជការ គ.ជ.ប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅខេត្តព្រៃវែង។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា ការបណ្ដុះបណ្ដាលការងារជំនាញដល់មន្ត្រីបោះឆ្នោត គឺជារឿងចាំបាច់ ដែលមិនអាចខកខានបាន។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលលទ្ធផលល្អប្រសើរ ដោយមានប្រជាពលរដ្ឋចំនួន ២៦៨.៥៥៣នាក់ ស្មើនឹង ៨៩.៤០% ដែលបានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតលើចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ៣០០.៣៩០នាក់។

ប៉ុន្តែទន្ទឹមនឹងនេះ ការអនុវត្តបទបញ្ជា និងនីតិវិធីនៅមានភាពខ្វះចន្លោះនៅឡើយ។ ក្នុងន័យនេះ អនុវត្តតាមផែនការមេ គ.ជ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលភ្លាម ជូនដល់មន្ត្រីរាជការ គ.ជ.ប និងមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

អគ្គលេខាធិការ គ.ជ.ប បានបន្ថែមថា នេះជាលើកទីពីរហើយ ដែល គ.ជ.ប បានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ពិសេសថ្នាក់ដឹកនាំលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត អំពីការរៀបចំ ចាត់ចែងដំណើរការបោះឆ្នោត ដើម្បីត្រៀមលក្ខណសម្បត្តិក្នុងការចូលរួមអនុវត្តការងារបោះឆ្នោតនាពេលខាងមុខ ឱ្យទទួលបានជោគជ័យស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប ។

លោកបានបញ្ជាក់ថា នេះជាជំហានថ្មីមួយទៀតក្នុងក្របខ័ណ្ឌការងារកែទម្រង់របស់ គ.ជ.ប ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ទៅតាមមុខជំនាញទទួលខុសត្រូវ ដើម្បីធានាឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ តាមរយៈការបណ្ដុះបណ្ដាលដល់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ឱ្យទទួលបានចំណេះដឹង ជំនាញ និងព័ត៌មានគ្រប់គ្រាន់ ដើម្បីអនុវត្តការងារឱ្យទទួលបានជោគជ័យ៕